កាលពីថ្ងៃទី ០៤ មករាកន្លងទៅ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានទម្លាយថា លោកសង្ឃឹមថានឹងអាចពង្រឹងទំនាក់ទំនងទ្វេភាគី ជាមួយរដ្ឋាភិបាលចិន អំឡុងពេលធ្វើទស្សនកិច្ចផ្លូវការលើកតំបូងទៅទីនោះ តាំងពីលោកឡើងកាន់អំណាច។

គួររំលឹកថា បច្ចុប្បន្នចិន និងហ្វីលីពីនកំពុងមានភាពចម្រូងចម្រាសជុំវិញបញ្ហា “សមុទ្រចិនខាងត្បូង” ហើយគោលដៅនៃដំណើរទស្សនកិច្ចមួយនេះ គឺដើម្បីរកដំណោះស្រាយដោយសន្តិវិធីជាមួយចិន។ នេះបើតាមការចុះផ្សាយពី CNA។

រដ្ឋាភិបាលហ្វីលីពីនជឿថា កត្តាសំខាន់បំផុតគឺពង្រឹងទំនាក់ទំនងរវាងចិន និងហ្វីលីពីន ខណៈលោក Marcos ក៏រំពឹងដែរថា ការជួបសំណេះសំណាលជាមួយប្រធានាធិបតី ស៊ី ជិនពីង នឹងទទួលបានផ្លែផ្កាល្អ ពោលភាពជាដៃគូរវាងប្រទេសទាំង ២ នឹងពង្រឹង និងស្ដារទំហំសេដ្ឋកិច្ចឡើងវិញ។

គួររំលឹកដែរថា រដ្ឋាភិបាលក្រុងប៉េកាំងអះអាងថា សមុទ្រចិនខាងត្បូងគឺជាផ្នែកមួយនៃប្រទេសរបស់ខ្លួន ខណៈហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេក៏សុទ្ធតែបញ្ជាក់ថា វាក៏ជាផ្នែកមួយនេះប្រទេសរបស់ពួកគេ ហើយបញ្ហាមួយនេះកំពុងចាក់ស្រែះខ្លាំង រកដំណោះស្រាយជាក់លាក់មិនទាន់បាន៕