វិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ បានធ្វើឲ្យពិភពលោកជួបបញ្ហាធំបំផុតមួយ ពោលគ្រប់ប្រទេសទូទាំងពិភពលោកត្រូវចាយពេលរាប់ឆ្នាំ ដើម្បីអាចស្ដារសេដ្ឋកិច្ចក្នុងស្រុកឡើងវិញ។

យ៉ាងណា យោងតាមការចុះផ្សាយពី CNA បានទម្លាយថា វិនិយោគិនបរទេសជាច្រើនបានសម្រុកដកប្រាក់ពីផ្សារហ៊ុនអាស៊ី ដែលកំពុងបង្ហាញភាពវិជ្ជមានច្រើនបំផុត តាំងពីផ្ទុះវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ដោយសារអត្រាការប្រាក់អាមេរិកឡើងថ្លៃ។

របាយការណ៍ពីផ្សារហ៊ុនតៃវ៉ាន់ ឥណ្ឌា ហ្វីលីពីន វៀតណាម ថៃ ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង បានបង្ហាញថា វិនិយោគិនបរទេសបានលក់ភាគហ៊ុនរបស់ពួកគេ សរុបជាទឹកប្រាក់ប្រហែល ៥៧ ពាន់លានដុល្លារនៅក្នុងឆ្នាំទៅ ដែលជាលំហូរសាច់ប្រាក់ធំបំផុតតាំងពីឆ្នាំ ២០០៨។
កាលពីឆ្នាំមុន ភាគហ៊ុនតៃវ៉ាន់បានប្រឈមនឹងលំហូរចេញដែលមានតម្លៃ ៤១,៦ ពាន់លានដុល្លារ នាំមុខការលក់ក្នុងតំបន់ ខណៈពេលដែលប្រទេសឥណ្ឌា និងកូរ៉េខាងត្បូងបានឃើញលំហូរចេញចំនួន ១៥,៤ ពាន់លានដុល្លារ និង ៩,៦ ពាន់លានដុល្លាររៀងគ្នា។

សូមជម្រាបដែរថា ដោយសារការធ្លាក់ចុះតម្រូវការបរទេស និងទស្សនវិស័យសេដ្ឋកិច្ចកាន់តែអាក្រក់ សន្ទស្សន៍អាស៊ីប៉ាស៊ីហ្វិករបស់ MSCI បានធ្លាក់ចុះ ១៩,៤ ភាគរយកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីបានធ្លាក់ចុះ ៤៣,៣ ភាគរយក្នុងឆ្នាំ ២០០៨៕