កាលពីថ្ងៃទី ០៤ មករាកន្លងទៅ តុលាការឥណ្ឌូណេស៊ីបានប្រកាសដាក់ទោសអតីតរដ្ឋមន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងពាណិជ្ជកម្ម និងបុគ្គលិកជាន់ខ្ពស់ ៣ រូបផ្សេងទៀតពីក្រុមហ៊ុនប្រេងដូង ឲ្យជាប់ពន្ធនាគារ ដោយសារការអនុញ្ញាតឲ្យមានការនាំចេញប្រេងដូងល្មើសច្បាប់។
យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា ការស៊ើបអង្កេតជុំវិញបញ្ហានេះគឺធ្វើឡើងតាំងពីខែមេសា ទាក់ទងនឹងអំពើពុករលួយដែលជាប់ពាក់ព័ន្ធ នឹងការចេញលិខិតអនុញ្ញាតនាំចេញ ចំពេលវាត្រូវបានរឹតបន្តឹងដោយរដ្ឋាភិបាល ដើម្បីគ្រប់គ្រងតម្លៃប្រេងចម្អិនអាហារដែលកើនឡើង។
លោក Indrasari Wisnu Wardhana អតីតប្រធានទូទៅផ្នែកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ត្រូវបានជាប់ទោសពីបទប្រើប្រាស់អំណាចរបស់ខ្លួន បង្កឲ្យខាតបង់ថវិការដ្ឋ។
យោងតាមសេចក្ដីប្រកាសពីតុលាការ ព្រះរាជអាជ្ញាទាមទារឲ្យមានការដាក់ទោសឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំ ប៉ុន្តែដោយមានការសម្របសម្រួលពីមេធាវីកូនក្ដី អតីតមន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារត្រឹមរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ។
ដោយឡែក បុគ្គល ៣ រូបទៀតដែលជាប់ពាក់ព័ន្ធនឹងក្ដីក្ដាំនេះ អាចនឹងត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ចន្លោះពី ១ ឆ្នាំដល់ ១ ឆ្នាំកន្លះ ប៉ុន្តែការិយាល័យមេធាវីទំនងនឹងស្នើសុំឲ្យមានការកាត់ក្ដីម្ដងទៀត ដោយចង់ឲ្យតុលាការកំណត់ទោសពួកគេឲ្យធ្ងន់ជាងនេះថែមទៀត៕