កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Amazon បានបង្ហើបថា ពួកគេមានគម្រោងកាត់បន្ថយបុគ្គលិកច្រើនជាង ១៨ ០០០ នាក់ ដោយសារស្ថានភាពសេដ្ឋកិច្ចសកលហាក់មិនអាចងើបក្បាលរួច។ នេះបើតាមការចុះផ្សាយពី CNN។

ដោយឡែក នាយកប្រតិបត្តិ Andy Jassy ក៏ធ្លាប់បានបង្ហើបកាលពីខែវិច្ឆិកាឆ្នាំទៅថា ការកាត់បន្ថយបុគ្គលិក នឹងបន្តធ្វើឡើងរហូតដល់ដើមឆ្នាំ ២០២៣ ដែលគ្រានោះមានលឺដំណឹងថា ពួកគេអាចនឹងកាត់បន្ថយបុគ្គលិកប្រហែល ១០ ០០០ នាក់។

ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំក្រុមហ៊ុនរូបនេះបន្ថែមថា ការកាត់បន្ថយបុគ្គលិក នឹងជួយ Amazon បន្តនូវឱកាសរយៈពេលវែង ជាមួយនឹងការសាងសង់មូលដ្ឋានគ្រឹះរឹងមាំ ប៉ុន្តែការសម្រេចចិត្តមួយនេះពិតជាពិបាក ដោយសារវានឹងប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ឯណោះ។

ជាចុងក្រោយ លោកក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ន Amazon កំពុងសិក្សា និងផ្ដល់ដំណឹងជូនបុគ្គលិកដែលប្រឈមនឹងការបាត់បង់ការងារ ចាប់ពីថ្ងៃទី ១៨ មករានេះតទៅ៕