កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ទៅកាន់ប្រទេសចិនក្នុងគោលបំណងជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ក្រោយបញ្ចប់កិច្ចពិភាក្សាកាលពីថ្ងៃទី ០៤ មករា ប្រទេសទាំង ២ បានសម្រេចគ្នាជារួម ដោយសន្យានឹងដោះស្រាយទំនាស់នៅសមុទ្រចិនខាងត្បូង ដោយសន្តិវិធី។
សេចក្ដីសម្រេចជារួមនោះ រួមមានកិច្ចព្រមព្រៀងចំនួន ១៤ ទៀតដែលធ្វើឡើង ក្នុងគោលបំណងផ្សះផ្សាទំនាក់ទំនងផ្នែកសន្តិសុខ និងបង្កើនទំហំសេដ្ឋកិច្ចរវាងប្រទសទាំង ២។

សូមជម្រាបដែរថា មេដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីថា ប្រទេសរបស់ពួកគេនឹងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ហើយក៏បានឯកភាពបន្តកិច្ចពិភាក្សាស្តីពីការរុករកប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមានថាមពលព្រះអាទិត្យ ខ្យល់ យានជំនិះ និងថាមពលនុយក្លេអ៊ែរ៕