សមាគមអ្នកនាំចេញអង្ករថៃ (TREA) នៅថ្ងៃទី ៤ ខែមករាកន្លងទៅនេះ បានប្រកាសថា ប្រទេសរបស់ខ្លួន កំពុងឆ្ពោះទៅរកការក្លាយជាអ្នកនាំចេញអង្ករធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីអង្ករចំនួន ៦,៩១ លានតោន ត្រូវបាននាំចេញទៅក្រៅប្រទេស ក្នុងរយ:ពេល ១១ ខែដំបូង កាលពីឆ្នាំមុន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
យ៉ាងណាជុំវិញទិន្នន័យដែលទទួលបានក្នុងអំឡុងពេល ១១ ខែដំបូងកាលពីឆ្នាំមុន បានបង្ហាញឱ្យដឹងថា ឥណ្ឌានៅតែជាប្រទេសដែលមានការនាំចេញអង្ករច្រើនបំផុត លើពិភពលោក ជាមួយចំនួននាំចេញ ១៨,២៥ លានតោន ស្របពេលវៀតណាម នាំចេញបាន ៦,៦៧ លានតោន ។
លើសពីនេះ លោក Charoen Laothamatas ប្រធាន TREA មានទំនុកចិត្តខ្ពស់ថា ទំហំនៃការនាំចេចញអង្កររបស់ប្រទេសនៅក្នុងឆ្នាំ ២០២២ នឹងលើសពីគោលដៅរំពឹងទុកចំនួន ៧,៥ លានតោន ដោយសារតែមានតម្រូវការកើនឡើង ពីសំណាក់ប្រទេសអ៊ីរ៉ាក់ ចិន និងសហរដ្ឋអាមេរិក ។
លោកបន្ថែមឱ្យដឹងទៀតថា ទំហំនៃការនាំចេញអង្ករទៅក្រៅប្រទេសក្នុងរយ:ពេល ១១ ខែដំបូងឆ្នាំមុន មានការកើនឡើង ២៦,៨% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំ ២០២១ ដែលអាចរកប្រាក់ចំណូលបានចំនួន ១២៣,៥១ ពាន់លានបាត (៣,៦៣ ពាន់លានដុល្លារ) ។
គួរឱ្យដឹងថា ប្រទេស និងដែនដី ដែលនាំចូលអង្ករថៃច្រើនជាងគេ រួមមាន ហុងកុង កាណាដា សិង្ហបុរី អូស្ត្រាលី ជប៉ុន អង់ហ្គោឡា ម៉ូសំប៊ិក ហ្វីលីពីន កាមេរូន អាហ្វ្រិកខាងត្បូង យេម៉ែន និងបេនីន ។
បន្ថែមពីនេះទៅទៀត TREA បានព្យាករថា ការនាំចេញអង្កររបស់ថៃ នៅក្នុងខែធ្នូ ឆ្នាំ ២០២២ នឹងឈានដល់ប្រហែល ៨ សែនតោន ដែលនឹងធ្វើឱ្យបរិមាណនៃការនាំចេញសរុបសម្រាប់ពេញមួយឆ្នាំ កើនឡើងដល់ប្រហែល ៧,៧១ លានតោន ៕