ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សតៃវ៉ាន់ Foxconn Technology Group បានធ្វើការប្រកាសកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រាក់ចំណូលនៅឆ្នាំ ២០២២ របស់ខ្លួន បានកើនឡើង ១០% ដែលជាកំណត់ត្រាថ្មីមួយ ស្របពេលប្រតិបត្តិការនៅរោងចក្រ Zhengzhou ក្នុងប្រទេសចិន បានវិលត្រលប់មកដំណើរការជាធម្មតាវិញ ក្នុងខែធ្នូកន្លងទៅ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន MarketWatch ។
ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក សម្រាប់ផ្គត់ផ្គង់ជូនក្រុមហ៊ុន Apple មួយនេះ បានបង្ហាញថា ប្រាក់ចំណូលក្នុងឆ្នាំ ២០២២ របស់ខ្លួន បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៦,៦២២ ទ្រីលានដុល្លារតៃវ៉ាន់ (២១៥,៨៤ ពាន់លានដុល្លារ) ពីចំនួនត្រឹម ៥,៩៩៤ ទ្រីលានដុល្លារតៃវ៉ាន់ ក្នុងពីឆ្នាំ ២០២១ ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Foxconn បានបញ្ជាក់ប្រាប់ថា ប្រាក់ចំណូលរបស់ខ្លួន នៅក្នុងខែធ្នូ បានធ្លាក់ចុះរហូតដល់ ១២% ធៀបនឹងឆ្នាំ ២០២១ មកត្រឹមចំនួន ៦២៩,៣៤ ពាន់លានដុល្លារតៃវ៉ាន់ប៉ុណ្ណោះ ដោយសារតែការលក់គ្រឿងអេឡិចត្រូនិក និងផលិតផលកុំព្យូទ័រ បានធ្លាក់ចុះខ្លាំង ព្រោះតែច្បាប់រឹងបន្តឹងកូវីដ-១៩ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលនៅក្នុងខែធ្នូនោះ បានស្ទុះងើបឡើងវិញ ១៤% បើធៀបនឹងខែមុនៗ ដោយសារតែទទួលបានកំណើនផលិតកម្មនៅក្នុងរោងចក្រ Zhengzhou របស់ខ្លួនឡើងវិញ នៅពេលដែលបានធូស្រាលពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងប្រទេសចិន ៕