ឥណ្ឌូនេស៊ី ពិចារណាផ្តល់ទឹកប្រាក់ជាង ៣២០ លានដុល្លារ ដើម្បីជំរុញដល់ការលក់រថយន្តអគ្គិសនី

អន្តរជាតិ

ថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូនេស៊ី អាចនឹងធ្វើការបែងចែកថិវិកាចំនួន ៥ ទ្រីលានរូពី (៣២០,៤១ លានដុល្លារ) ពីថវិការជាតិនៅក្នុងឆ្នាំ ២០២៣ នេះ ដើម្បីលើកទឹកចិត្តប្រជាជនឱ្យទិញរថយន្តអគ្គិសនីមកប្រើប្រាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អាជ្ញាធរកំពុងធ្វើការលម្អិតអំពីចំនួនទឹកប្រាក់ ដែលអាចផ្តល់ឱ្យ ក្នុងការជំរុញដល់ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេស ដែលយកចេញពីថិវិការបស់ជាតិ ស្របពេលរដ្ឋាភិបាលក៏កំពុងពិចារណាទៅលើការឧបត្ថម្ភធន លើការលក់រថយន្តក្រុងអគ្គិសនីផងដែរ ។

ទន្ទឹមនឹងនេះ ប្រធានាធិបតី លោក Joko Widodo បានបង្ហាញប្រាប់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី សង្ឃឹមថាការដាក់ចេញនូវវិធានការលើកទឹកចិត្តថ្មីនេះ អាចនឹងធ្វើឱ្យឧស្សាហកម្មម៉ូតូ និងរថយន្តអគ្គិសនីនៅក្នុងប្រទេស កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ស្របពេលឥណ្ឌូនេស៊ី កំពុងកំណត់គោលដៅក្នុងការលក់រថយន្តអគ្គិសនីឱ្យបាន ២០% នៅត្រឹមឆ្នាំ ២០២៥ ។

គួរឱ្យដឹងថាបច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបានមកធ្វើការវិនិយោគ ឬបានប្រកាសអំពីគម្រោងវិនិយោគ នៅក្នុងការផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី រួមមាន Toyota Motor Corp, Mitsubishi Motors Corp និង Hyundai Motor Co ជាដើម ។

ជម្រាបជូនទៀតផងដែរថា សម្រាប់ការលើកទឹកចិត្តថ្មីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Agus Gumiwang Kartasasmita បាននិយាយថា អ្នកទិញអាចទទួលបានការបញ្ចុះតម្លៃ ៨០ លានរូពីសម្រាប់ការទិញរថយន្ត EV ដែលផលិតដោយក្រុមហ៊ុន ដែលមានរោងចក្រនៅក្នុងប្រទេស ក៏ដូចជាការលើកទឹកចិត្តផ្សេងទៀត សម្រាប់ការទិញរថយន្តប្រភេទ hybrid និងម៉ូតូអគ្គិសនី ដោយបន្ថែមថារដ្ឋាភិបាល គ្រោងនឹងផ្តល់ការឧបត្ថម្ភធនដល់អ្នកលក់ ដើម្បីរ៉ាប់រងការចំណាយ ៕