ថ្មីៗនេះ ក្រុមហ៊ុនខួងយកប្រេង និងឧស្ម័នរបស់ជប៉ុន Inpex បានធ្វើការប្រកាសថាខ្លួន បានវិនិយោគទៅលើគម្រោងទាញយកថាមពលពីកំដៅក្នុងស្រទាប់ផែនដី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបាននិងកំពុងសិក្សាបន្ថែមទៀត អំពីសក្តានុពលលើការអភិវឌ្ឍរោងចក្រថាមពលក្នុងប្រទេសអាស៊ានមួយនេះផងដែរ ។

បើតាមការចុះផ្សាយពី VNA បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុន Inpex បានទិញយកភាគហ៊ុនចំនួន ៣១,៤៥% នៅក្នុងក្រុមហ៊ុន Supreme Energy Rajabasa សម្រាប់ទំហំទឹកប្រាក់មួយ ដែលមិនត្រូវបានបង្ហាញឱ្យដឹង ហើយសម្រាប់ភាគហ៊ុនដែលនៅសេសសល់ផ្សេងទៀត ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុន Sumitomo Corp របស់ប្រទេសជប៉ុន។
គួរឱ្យដឹងថា ថាមពលកំដៅក្នុងផែនដីនេះ ត្រូវបានចាត់ទុកថាជាថាមពលកកើតឡើងវិញ ដែលមិនធ្វើឱ្យមានផលប៉ះពាល់ទៅលើបរិស្ថាននោះឡើយ ស្របពេលប្រទេសឥណ្ឌូនេស៊ី បានក្លាយជាទីតាំងអាទិភាពមួយ សម្រាប់ក្រុមហ៊ុន Inpex ដោយសារតែពួកគេជាប្រទេសដែលមានបរិមាណធនធានកំដៅក្នុងផែនដីច្រើនជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ។

ជម្រាបជូនផងដែរថា សម្រាប់គម្រោងថ្មីនេះ គឺមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃកោះសូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី ដោយក្រុមហ៊ុន Inpex នឹងចូលរួមចំណែកក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីខួងសាកស្បងចាប់ពីឆ្នាំនេះទៅ ក្នុងគោលបំណងដើម្បីអង្កេតមើលពីវិសាលភាពនៃធនធានកំដៅក្នុងផែនដី នៅប្រទេសមួយនេះ ៕