បើកក្បាលឆ្នាំថ្មី ២០២៣ ទើបតែបានប៉ុន្មានថ្ងៃ មហាសេដ្ឋី Elon Musk របូតលុយអស់ជាង ១០ ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុនរបស់ Tesla ដាំក្បាលចុះ។ នេះបើតាមការចុះផ្សាយពី Bloomberg Billionaires Index។
ប្រភពដដែលបន្ថែមទៀតថា ត្រឹមរយៈពេល ៦ ថ្ងៃតំបូងនៃឆ្នាំ ២០២៣ អតីតអ្នកមានដាច់គេម្នាក់នេះ បានខាតបង់លុយប្រហែល ១៣ ពាន់លានដុល្លារ ខណៈរូបលោកក៏ជាបុគ្គលតំបូងបំផុតដែលមានការខាតបង់ច្រើនលើសអ្នកណាៗទាំងអស់ ច្រើនជាង ២០០ ពាន់លានដុល្លារ។
មានកត្តាជាច្រើនដែលធ្វើឲ្យមហាសេដ្ឋីអាមេរិកខាតបង់ទ្រព្យសម្បត្តិអស់មួយគំនរ ប៉ុន្តែហេតុផលចំបងគឺ ទ្រព្យសម្បត្តិរបស់លោកមួយភាគធំគឺបានមកពីក្រុមហ៊ុន Tesla ហើយកាលពីឆ្នាំទៅ តម្លៃហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមានការថយចុះដល់ទៅ ៧០% បណ្ដាលឲ្យមេធំម្នាក់នេះ របូតលុយអស់ក្រែលដូចគ្នា។
សូមជម្រាបដែរថា ដោយសារកន្លងមក Elon Musk បានលក់ភាគហ៊ុន Tesla រាប់ពាន់លានដុល្លារ ដើម្បីទិញ Twitter ដូច្នេះហើយពេលនេះ ប្រភពចំណូលធំរបស់មហាសេដ្ឋីអាមេរិកលែងបានមកពី Tesla ហើយ ប៉ុន្តែគឺបានមកពី ក្រុមហ៊ុន SpaceX ម្ដង។ នេះបើតាមការអះអាងពី Bloomberg៕