មហាសេដ្ឋីអាហ្វ្រិកខាងត្បូង Johann Rupert បានសំងំកើបលុយជាង ៤០០ លានដុល្លារ ត្រឹមសប្ដាហ៍តំបូង នៃឆ្នាំ ២០២៣ បន្ទាប់ពីកាលពីឆ្នាំទៅ លោកខាតបង់ទ្រព្យសម្បត្តិប្រមាណជាង ១ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Billionaire Africa។

ប្រភពដដែលបន្ថែមថា លោក Rupert គឺជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតមួយរូបនៅអាហ្វ្រិកខាងត្បូង និងជាមហាសេដ្ឋីមានបំផុតទី ២ នៅទ្វីបអាហ្វ្រិក ខណប្រភពចំណូលធំបំផុតរបស់លោក បានមកពីចំណែកភាគហ៊ុន ៩,១៤% ពីក្រុមហ៊ុន Richemont ក្រុមហ៊ុនលក់សម្ភារៈប្រណីតៗរបស់ស្វីស។

ដោយឡែក បើតាមការអះអាងពី Bloomberg Billionaire Index បានបង្ហាញដែរថា ទ្រព្យសម្បត្តិរបស់អ្នកមានដាច់គេនៅអាហ្វ្រិកខាងត្បូង មានការកើនឡើងពី ១០,៩ ពាន់លានដុល្លារ ដល់ ១១,៤ ពាន់លានដុល្លារ គិតត្រឹមសប្ដាហ៍តំបូងនៃឆ្នាំ ២០២២។

មូលហេតុចំបងដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកកើនច្រើនបែបនេះ ដោយសារស្ថានភាពហិរញ្ញវត្ថុនៃក្រុមហ៊ុន Richemont ដំណើរការបានប្រសើរ ពោលតម្លៃហ៊ុនរបស់ពួកគេកើនឡើងខ្ពស់ ស្របពេលមានការព្យាករណ៍ថា ៣ ត្រីមាសតំបូងនៃឆ្នាំ ២០២៣ ពួកគេនឹងបន្តបង្ហាញសញ្ញាវិជ្ជមានខ្លាំងបំផុត៕