ប្រទេសជាច្រើនពោលគឺ ប្រហែល ១/៣ ទូទាំងពិភពលោក នឹងអាចជួបវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២៣ ដោយសារកំណើនសេដ្ឋកិច្ចនៃមហាអំណាចសេដ្ឋកិច្ចធំៗទាំង ៣ លើលោក មានការងើបឡើងយឺត។ នេះបើតាមការព្យាករណ៍ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF។

ប្រភពដដែលបន្ថែមថា ក្នុងនោះពាក់កណ្ដាលនៃសហភាពអឺរ៉ុប នឹងទទួលរងឥទ្ធិពលពីការងើបឡើងយឺតនៃកំណើនសេដ្ឋកិច្ចនៅអាមេរិក ចិន និងតំបន់អឺរ៉ុប ខណៈអង់គ្លេសដែលជាសមាជិករបស់ G7 នឹងក្លាយជាប្រទេសសេដ្ឋកិច្ចខ្សោយបំផុតប្រចាំក្រុមសេដ្ឋកិច្ចទាំង ៧។

អ្នកស្រី Kristalina Georgieva ប្រធាន IMF បានបង្ហើបទៀតថា មូលហេតុដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទាំង ៣ មានការងើបឡើងយឺត គឺដោយសារសង្គ្រាមរ៉ាំរ៉ៃនៅអ៊ុយក្រែន វិបត្តិអតិផរណា ការតំឡើងអត្រាការប្រាក់ និងការរាតត្បាតជំងឺកូវីដ ១៩។

មេធំ IMF រូបនេះក៏បង្ហើបទៀតថា សម្រាប់ឆ្នាំ ២០២៣ ប្រទេសចិនអាចនឹងជួបបញ្ហាមួយចំនួន ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់ពួកគេងើបឡើងយឺត ហើយស្រួលមិនស្រួល កំណើនសេដ្ឋកិច្ចឆ្នាំនេះរបស់ចិន អាចនឹងមានទាបជាង កំណើនសេដ្ឋកិច្ចសកលជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយថែមទៀត។

ដោយឡែក អាមេរិកអាចនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច ប៉ុន្តែប្រធាន IMF បានព្រមានថា បើសិនជាអាមេរិកនៅបន្តតំឡើងការប្រាក់ខ្ពស់ ដើម្បីទប់ទល់អតិផរណានាពេលនេះ ពួកគេអាចនឹងជួបបញ្ហាធំលើផ្នែកសេដ្ឋកិច្ចពេលក្រោយវិញ។

សូមជម្រាបដែរថា កាលពីឆ្នាំទៅ អតិផរណាសកលបានកើនឡើងដល់ ៧,៩% ដោយសារតម្លៃថាមពល និងចំណីអាហារឡើងថ្លៃ ខណៈវាជាចំណុចខ្ពស់បំផុត ពោលកាលពីឆ្នាំ ១៩៥១ អតិផរណាសកលកើនឡើងត្រឹម ៧,៦% ក្រោយសង្គ្រាមសេដ្ឋកិច្ចបានចាប់ផ្ដើម៕