គម្រោងសាងសង់រដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូណេស៊ី Nusantara នៅភាគខាងកើតនៃកោះ Kalimantan នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ទីក្រុងនៅម្ដុំកោះ Borneo នៃប្រទេសម៉ាឡេស៊ី ដ្បិតប្រជុំកោះ Borneo គឺជាបន្ទាត់ព្រំដែននៃប្រទេសទាំង ២។ នេះបើតាមការអះអាងពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។

យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា អំឡុងពេលធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី លោក Anwar បានអះអាងថា ម៉ាឡេស៊ីនឹងជួយពេញទំហឹង លើគម្រោងសាងសង់រដ្ឋធានីថ្មី Nusantara។

សូមជម្រាបដែរថា ថ្នាក់ដឹកនាំទាំង ២ បានជួបពិភាក្សា និងធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារ ១១ ច្បាប់ ស្ដីពីការធ្វើជំនួញរវាងប្រទេសទាំង ២ ដោយមានក្រុមហ៊ុនម៉ាឡេស៊ីចំនួន ១០ បានចូលរួម។

បន្ថែមពីនោះ នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ីបានអះអាងទៀតថា គម្រោងការណ៍ Nusantara នឹងបង្កើនទំហំសេដ្ឋកិច្ចសម្រាប់ទីក្រុង ២ នៅប្រជុំកោះ Borneo គឺ Sabah និង Sarawak។

គួររំលឹកបន្ថែមថា ដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ Nusantara ពាក់ព័ន្ធនឹងការសាងសង់វិមានប្រធានាធិបតី ក្រសួងរដ្ឋាភិបាលមួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាផ្លូវថ្នល់ និងលំនៅដ្ឋាន។
ដំណាក់កាលនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ ខណៈពេលដែលដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍របស់ Nusantara ត្រូវបានកំណត់គោលដៅថានឹងបញ្ចប់ក្នុងឆ្នាំ ២០៤៥៕