សេដ្ឋកិច្ចចិនកើនឡើងខ្ពស់ជាងការរំពឹងទុកពីសេដ្ឋកិច្ចវិទូ បើទោះជួបព្យុះភ្លៀងខ្លាំងក្នុងឆ្នាំ ២០២២

អន្តរជាតិ

យោងតាមប្រធានាធិបតី លោក ស៊ី ជិនពីង បានធ្វើការអះអាងថាសេដ្ឋកិច្ចរបស់ប្រទេសចិន បានកកើនឡើងយ៉ាងហោចណាស់ ៤,៤% នៅក្នុងឆ្នាំ ២០២២ ដែលជាតួលេខដ៏ខ្ពស់មួយ បើធៀបទៅនឹងអ្វីដែលក្រុមអ្នកវិភាគសេដ្ឋកិច្ចជាច្រើន បានរំពឹងទុក ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយនិយាយទៅក្នុងសុន្ទរកថាមួយ នៅក្នុងពេលថ្មីៗនេះ លោក ស៊ី បានបង្ហាញថា GDP ប្រចាំឆ្នាំរបស់ប្រទេសចិន ទទួលបានកំណើនលើសពី ១២០ ទ្រីលានយ៉ន់ (១៧,៤ ពាន់លានដុល្លារ) កាលពីឆ្នាំ ២០២២ ដែលនេះមានន័យថាមានកំណើនច្រើនជាង ៤,៤%។

យ៉ាងណាមិញសម្រាប់តួលេខនេះ គឺមានន័យថាវាមានចំនួនច្រើនជាងអ្វីដែលសេដ្ឋវិទូ បានរំពឹងទុក បន្ទាប់ពីមានការព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅឆ្នាំ ២០២២ នឹងមានកំណើនចន្លោះពី ២,៧% ទៅ ៣,៣% ប៉ុណ្ណោះ។

ដោយឡែក លោក ស៊ី បាននិយាយថា ៖ ” សេដ្ឋកិច្ចរបស់ប្រទេសចិនគឺមានភាពធន់ និងមានសក្តានុពលខ្លាំង។ ដរាបណាយើងមានទំនុកចិត្ត និងស្វែងរកការរីកចំរើនជាលំដាប់ នោះយើងនឹងអាចសម្រេចបាននូវគោលដៅធំរបស់យើងមិនខាន ” ។

ទន្ទឹមនេះ អំឡុងថ្លែងសុន្ទរកថានោះ លោក ស៊ី ក៏បានទទួលស្គាល់ចំពោះបញ្ហាប្រឈមដ៏ធំ ដែលមនុស្សជាច្រើនបានជួបប្រទះ ក្នុងអំឡុងពេលដែលរដ្ឋាភិបាលបានធ្វើការដាក់ចេញនូវវិធានការគ្រប់គ្រងកូវីដ-១៩ ដ៏តឹងរ៉ឹងបំផុតមួយ ។

គួរឱ្យដឹងថានៅឆ្នាំ ២០២២ សេដ្ឋកិច្ចរបស់ប្រទេសចិន បានរងការវាយប្រហារយ៉ាងខ្លាំង ជុំវិញការបិទខ្ទប់ប្រទេស និងការធ្លាក់ចុះទៅលើវិស័យអចលនទ្រព្យជាប្រវត្តិសាស្រ្ត។ ហើយបើតាមលោកស្រី Kristalina Geogieva ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ចិន ក្នុងឆ្នាំ ២០២៣ ទំនងជាស្ថិតនៅ​ទ្រឹង​ ឬទាបជាងកំណើនសេដ្ឋកិច្ចសកលជាលើកដំបូង ក្នុងរយ:ពេល ៤០ ឆ្នាំចុងក្រោយ ៕