យោងតាមរបាយការណ៍ពីសារព័ត៌មាន Nikkei បានបង្ហាញឱ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Dell កំពុងឈានទៅរកការបញ្ឈប់ការប្រើប្រាស់បន្ទះឈីប ដែលផលិតដោយក្រុមហ៊ុនចិនទាំងអស់ ចាប់ពីឆ្នាំក្រោយទៅ ។
ក្រុមហ៊ុនផលិតកុំព្យូទ័រមួយនេះ ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានប្រាប់ឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួន ធ្វើការកាត់បន្ថយការប្រើប្រាស់គ្រឿងបន្លាស់ផ្សេងទៀត ដែលត្រូវបានផលិត នៅក្នុងប្រទេសចិនផងដែរ ។
ជុំវិញការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់បន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់ចិន YMTC ចូលទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបចិនចំនួន ២១ ផ្សេងទៀត ។
គួររំលឹកផងដែរថា កាលពីខែតុលាឆ្នាំ ២០២២ រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden បានដាក់ចេញនូវច្បាប់មួយ ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញលើការនាំចេញ រួមទាំងវិធានការក្នុងការដកប្រទេសចិន ពីខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប នៅក្នុងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកទាំងអស់ នៅគ្រប់ទីកន្លែងលើពិភពលោក ។
មិនតែប៉ុណ្ណោះ របាយការណ៍ពី Nikkei ក៏បានអះអាងទៀតផងដែរថា ក្រុមហ៊ុនគូប្រជែងរបស់ Dell គឺ HP ក៏បានចាប់ផ្តើមនិយាយជាមួយអ្នកផ្គត់ផ្គង់របស់ខ្លួន អំពីផែនការក្នុងការផ្លាស់ប្តូរកន្លែងផលិតកម្ម ចេញពីប្រទេសចិនផងដែរ ៕