តាំងពីឆ្នាំមុន រហូតដល់បើកទំព័រឆ្នាំថ្មី គេសង្កេតឃើញថា ទ្រព្យសម្បត្តិរបស់ Elon Musk ហាក់បន្តសញ្ញាអវិជ្ជមានជាហូរហែ ពោលមេធំ Tesla បានជាប់ឈ្មោះជាបុគ្គលរបូតទ្រព្យសម្បត្តិ ច្រើនបំផុតប្រចាំប្រវត្តិសាស្ត្រ ជាង ២០០ ពាន់លានដុល្លារ និងបានបាត់បង់តំណែងជាមហាសេដ្ឋីមានបំផុតលើលោក។

បន្ទាប់ពីរបូតតំណែងជាអ្នកមានបំផុតលើលោក ទៅកាន់មហាសេដ្ឋីបារាំង Bernard Arnault ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Elon Musk ក៏មានគម្លាតមិនឆ្ងាយប៉ុន្មានពីស្ដេចត្រាញ់អាស៊ី Gautam Adani ប៉ុន្មានឡើយ។
ដូច្នេះហើយទើបមានការព្យាករណ៍ថា តំណែងជាមហាសេដ្ឋីទី ២ របស់ Elon Musk ក៏អាចនឹងរង្គោះរង្គើនាពេលណាមួយអំឡុងឆ្នាំ ២០២៣ ដ្បិតមួយរយៈកាលចុងក្រោយ មហាសេដ្ឋីឥណ្ឌាក៏កំពុងសំងំកើបលុយបានរាប់សិបពាន់លានដុល្លារឯណោះ។

យោងតាមការចុះផ្សាយពី Bloomberg កាលពីដើមខែមករាបានឲ្យដឹងថា Elon Musk របូតលុយប្រហែល ១៣៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ស្របពេល Adani កើបលុយបាន ៤៤ ពាន់លានដុល្លារ ហើយគម្លាតទ្រព្យសម្បត្តិរវាងអ្នកទាំង ២ គឺខុសគ្នាមិនដល់ ២០ ពាន់លានដុល្លារឡើយ។

ទន្ទឹមនឹងនោះ Financial Express ក៏បានសន្និដ្ឋានថា បើសិនជា Adani នៅបន្តបង្ហាញភាពវិជ្ជមានបែបនេះ មិនយូរទេមហាសេដ្ឋីឥណ្ឌានឹងរំកិលកៅអីឡើងដល់តំណែងមហាសេដ្ឋីមានបំផុតទី ២ លើលោកជាមិនខាន។
ប្រភពដដែលបន្ថែមថា មហាសេដ្ឋីឥណ្ឌាអាចនឹងចាយពេលប្រមាណ ៥ សប្ដាហ៍ ដើម្បីដណ្ដើមតំណែងរបស់ Elon Musk ស្របពេលបច្ចុប្បន្នប្រភពចំណូលធំមួយរបស់មហាសេដ្ឋីអាមេរិក ក្រុមហ៊ុន Tesla ក៏កំពុងជួបវិបត្តិជាច្រើន ជាពិសេសគឺនៅប្រទេសចិនតែម្ដង។

ក្រឡេកទៅមើល Adani វិញ គ្រប់មុខជំនួញរបស់លោកក៏កំពុងត្រូវប៉ាន់ខ្លាំង តួយ៉ាងលោកទើបនឹងទិញបានរោងចក្រផលិតស៊ីម៉ងត៍ធំបំផុតទី ២ ប្រចាំប្រទេស ហើយក៏កំពុងចរចាទិញយកក្រុមហ៊ុនទូរទស្សន៍ធំបំផុតប្រចាំឥណ្ឌាទៀត។

ចំណុចដែលគួរឲ្យស្ញប់ស្ញែងនោះគឺ រយៈពេលជាង ២ ឆ្នាំចុងក្រោយ មហាសេដ្ឋីឥណ្ឌាបន្តកើបលុយបានច្រើនជាងគេបំផុតលើលោក ពោលកើនទ្រព្យពីជាង ១០ ពាន់លានដុល្លារ រហូតដល់ក្លាយជាមហាសេដ្ឋីមានបំផុតលើលោកទី ៣ ជាមួយទំហំទឹកប្រាក់ជាង ១២០ ពាន់លានដុល្លារឯណោះ។
សូមជម្រាបដែរថា នេះគ្រាន់តែជាការព្យាករណ៍ត្រួសៗប៉ុណ្ណោះ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា ដ្បិតបច្ចុប្បន្នសេដ្ឋកិច្ចសកលក៏កំពុងមានហានិភ័យ ថាមិនត្រូវ Elon Musk អាចនឹងដណ្ដើមបានតំណែងលេខ ១ មកវិញក៏អាចថាបាន៕