នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បេ្តជ្ញាចិត្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌូនេស៊ី អំឡុងបំពេញទស្សនកិច្ច

អន្តរជាតិ

រដ្ឋមន្ត្រីម៉ាឡេស៊ី ថ្មីៗនេះ បាននិយាយថាប្រទេសរបស់ខ្លួន កំពុងមានបំណងជំរុញពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសជិតខាង ឥណ្ឌូនេស៊ីបន្ថែម រួមទាំងការវិនិយោគឆ្លងព្រំដែន នៅក្នុងវិស័យសំខាន់ៗមួយចំនួនផ្សេងទៀតផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ី លោក Tengku Zafrul Tengku Abdul Aziz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមវិស័យសំខាន់ៗដែលគួរឱ្យចាប់អារម្មណ៍រវាងប្រទេសទាំងពីរនោះ មានដូចជា ឱសថ ផ្លូវអាកាស កែច្នៃប្រេងដូង ទំនិញប្រើប្រាស់ ក៏ដូចជាវិស័យការការពារ និងសន្តិសុខផងដែរ ។

លើសពីនេះ លោក Tengku បានសង្កត់ធ្ងន់ទៀតថា វិស័យទាំងនេះ សុទ្ធសឹងតែបានឆ្លុះបញ្ចាំង នៅក្នុងអនុស្សរណ:នៃការយោគយល់គ្នា (MOU) ចំនួន ៩ រវាងក្រុមហ៊ុនរបស់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាមួយនឹងទុនវិនិយោគសរុបជាង ១,៦ ពាន់លានរីងហ្គីត (៣៦៣ លានដុល្លារ) ។

គួរឱ្យដឹងថា ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើង អំឡុងពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានទៅបំពេញទស្សនកិច្ចផ្លូវការរយ:ពេលពីរថ្ងៃនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ ចាប់តាំងពីចូលកាន់តំណែង កាលពីខែវិច្ឆិកាមក ។

ជម្រាបជូនឱ្យផងដែរថា នៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ឥណ្ឌូនេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ២ របស់ម៉ាឡេស៊ី ដោយទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២២ បានកើនឡើងដល់ ២៧ ពាន់លានដុល្លារ ពោលគឺបានកើនឡើង ៣៣% ធៀបនឹងឆ្នាំ ២០២១ ៕