អង់គ្លេស និងជប៉ុន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់មួយ

អន្តរជាតិ

យោងតាម​ការចុះផ្សាយពី Downing Street បាន​បង្ហើប​ឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នឹងធ្វើ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ដ៏​ថ្មីស្រឡាង អំឡុងពេលថ្នាក់ដឹកនាំ​ទាំង ២ ជួបពិភាក្សា​គ្នានៅ​ទីក្រុងឡុងដ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​កិច្ចព្រមព្រៀងមួយនេះ នឹងធ្វើឡើងឡើងនៅ​អគារ​ប្រវត្តិសាស្ត្រ Tower of London ហើយវា​នឹង​អនុញ្ញាត​ឲ្យ​កងកម្លាំង​អង់គ្លេស អាច​ធ្វើការ​ចេញចូល​ប្រទេសជប៉ុន​បាន ខណៈអង់គ្លេស​ទម្លាយថា នេះគឺជា​កិច្ចព្រមព្រៀងការពារជាតិ​ដ៏សំខាន់​រវាងប្រទេស​ទាំង ២ ក្នុងរយៈពេលច្រើនជាង ១ សតវត្ស។

បន្ថែមពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដ៏​ធំ​ខាងលើ ថ្នាក់ដឹកនាំទាំង ២ រូបក៏​នឹង​ពិភាក្សា​គ្នា​អំពី​បច្ចុប្បន្នភាព​នៃ​ការ​ធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល G7 របស់​ជប៉ុន និង​ប្ដេជ្ញា​ចិត្ត​រក្សា​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន​ផងដែរ។

សូមជម្រាបដែរថា នាយករដ្ឋមន្ត្រីជប៉ុន​បាន​ចាកចេញ​ពី​ប្រទេស​តាំងពីថ្ងៃច័ន្ទ ដោយបាន​ធ្វើដំណើរ​ទៅកាន់​សហភាពអឺរ៉ុប និងអាមេរិកខាងជើង ដើម្បី​ជួបសំណេះសំណាល ក៏ដូចជា​ពង្រឹងទំនាក់ទំនង​រវាង​សមាជិក G7 ហើយគ្រោងនឹង​បញ្ចប់​ដំណើរទស្សនកិច្ច​នាថ្ងៃសុក្រ បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតីអាមេរិក ចូ បៃឌិន៕