ក្រុមហ៊ុនលក់សម្លៀកបំពាក់រាយធំបំផុតនៅជប៉ុន Uniqlo បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនមេ Fast Retailing Co Ltd នឹងតំឡើងប្រាក់ឈ្នួលដល់បុគ្គលិករហូតដល់ ៤០% ខណៈប្រាក់ឈ្នួលបុគ្គលិកនៅជប៉ុន គឺកំពុងមានតម្លៃទាបជាងគេ បើធៀបនឹងប្រទេសជឿនលឿនដទៃ។

យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា សេចក្ដីប្រកាសនេះធ្វើឡើងមុន កិច្ចចរចាប្រាក់ឈ្នួលបុគ្គលិក ចំពេលវិបត្តិអតិផរណា ហើយក៏មានការសំណូមពរពីនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងការតំឡើងប្រាក់ឈ្នួលដូចគ្នា។

ដោយឡែក Fast Retailing ដែលមានសាខាច្រើនជាង ៣ ៥០០ កន្លែងទូទាំងពិភពលោកបាននិយាយថា ពួកគេនឹងរៀបចំប្រព័ន្ធប្រាក់បំណាច់ឆ្នាំពីខែមីនាទៅ ហើយការកែប្រែនោះនឹងផ្លាស់ប្ដូរសេដ្ឋកិច្ចប្រទេសជប៉ុនខ្លាំង។

បន្ថែមពីនោះក្រុមហ៊ុនបានទម្លាយទៀតថា កាលពីឆ្នាំទៅពួកគេបានចំណាយប្រាក់លើបុគ្គលិក ច្រើនជាងរាល់ដង ១៥% ដោយតំឡើងប្រាក់ម៉ោងសម្រាប់បុគ្គលិកក្រៅម៉ោង និងការចំណាយដើម្បីបង្កើនគុណភាពផលិតផល៕