កាលពីថ្ងៃទី ១១ មករាកន្លងទៅ រដ្ឋាភិបាលថៃបានប្រកាសថា នឹងមានគម្រោងប្រមូលប្រាក់ពីភ្ញៀវទេសចរណ៍បរទេសក្នុងម្នាក់ ៣០០ បាត ឬប្រហែល ៩ ដុល្លារពីខែមិថុនាទៅ ហើយថវិកាទាំងនោះនឹងយកទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍ និងទុកដោះស្រាយពេលពួកគេជួបគ្រោះថ្នាក់អ្វីមួយ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ការប្រមូលប្រាក់នេះនឹងមិនរាប់បញ្ចូលជនបរទេសដែល មានទិដ្ឋាការធ្វើការនៅក្នុងប្រទេសឡើយ ពោលគឺយកតែពីភ្ញៀវទេសចរណ៍បរទេសប៉ុណ្ណោះ។
គួររំលឹកដែរថា សំណើមួយនេះធ្លាប់បានដាក់ទៅកាន់រដ្ឋសភាកាលពីឆ្នាំទៅ ហើយក៏ទទួលបានការអនុម័តផងដែរ ស្របពេលមានការព្យាករណ៍ថា ក្រុមភ្ញៀវទេសចរណ៍នឹងចំណាយប្រាក់យ៉ាងតិច ២,៣៨ ទ្រីលានបាត។

សូមជម្រាបបន្ថែមថា វិស័យទេសចរណ៍គឺជាសសរទ្រូងដ៏ធំនៃកំណើនសេដ្ឋកិច្ចប្រទេសថៃ ពោលវាបានរួមចំណែករហូតដល់ ១២% នៃ GDP សរុបនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទី ២ នៅអាស៊ាន មុនការផ្ទុះជំងឺកូវីដ ១៩៕