ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ចាប់ដៃរួមគ្នាអភិវឌ្ឍទៅលើអណ្តូងប្រេងធំមួយលើកោះជ្វា

អន្តរជាតិ

ថ្មីៗនេះ និយតករប្រេង និងឧស្ម័នរបស់ឥណ្ឌូនេស៊ី SKK Migas បានប្រកាសថា ប្រទេសរបស់ខ្លួន បានធ្វើការអនុម័តទៅលើគម្រោងអភិវឌ្ឍជាលើកដំបូង ទៅលើអណ្តូងប្រេង Hidayah ដែលស្ថិតនៅលើកោះជ្វា ដែលនឹងត្រូវផ្តល់សិទ្ធិគ្រប់គ្រងទៅឱ្យក្រុមហ៊ុន Petronas Crarigali របស់ប្រទេសម៉ាឡេស៊ី ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមប្រធានក្រុមហ៊ុន SKK Migas លោក Migas Dwi Soetjipto បាននិយាយថា ក្រុមហ៊ុន Petronas របស់ម៉ាឡេស៊ី បានរកឃើញទីតាំងស្តុកទុកប្រេងបម្រុង ដែលមានចំនួនប៉ាន់ស្មានប្រមាណ ៨៨,៥៥ លានបារ៉ែល នៅក្នុងគម្រោងរុករកថ្មីចុងក្រោយមួយរបស់ខ្លួន នៅឯអណ្តូងប្រេង Hidayah-1 ។

នៅក្រោមផែនការអភិវឌ្ឍដំបូង ទៅលើអណ្តូងប្រេង Hidayah នេះ ត្រូវបានគេរំពឹងទុកថា នឹងអាចចាប់ផ្តើមដំណើរការ នៅដើមឆ្នាំ ២០២៧ ទៅ ជាមួយនឹងការផលិតប្រេងដំបូង ក្នុងចំនួន ៨ ៩៧៣ បារ៉ែល ក្នុងមួយថ្ងៃ ហើយវាអាចនឹងបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតដល់ចំនួន ២៥ ២៧៦ លានបារ៉ែល ក្នុងមួយថ្ងៃ នៅឆ្នាំ ២០៣៣ ។

លើសពីនេះ បើតាមលោក Dwi Soetjipto បានអះអាងទៀតថា វិស័យនេះ ទំនងជានឹងត្រូវការថវិកាវិនិយោគប្រហែល ៩២៦ លានដុល្លារ និងជិត ២ ពាន់លានដុល្លារបន្ថែមទៀត សម្រាប់ការចំណាយទៅលើប្រតិបត្តិការ ។

ប្រធានក្រុមហ៊ុន SKK Migas រូបនេះ បានបន្ថែមទៀតថា ការអភិវឌ្ឍនៅក្នុងទីតាំងអណ្តូងប្រេង Hidayah នេះ រំពឹងថានឹងអាចបង្កើនផលិតផលប្រេង និងរួមចំណែកដល់ការកាត់បន្ថយការនាំចូលប្រេងរបស់ឥណ្ឌូនេស៊ី​ បានយ៉ាងច្រើន ជាពិសេសទីតាំងបូមប្រេងថ្មីនេះ អាចនឹងផ្តល់ការផលិតជាសកម្ម រហូតដល់ឆ្នាំ ២០៤១ ឯណោះ ៕