ក្រុមហ៊ុនកូរ៉េខាងត្បូង គ្រោងបោះទុនជាង ២,៣ ពាន់លានដុល្លារ សង់រោងចក្រថាមពលព្រះអាទិត្យបន្ថែម នៅសហរដ្ឋអាមេរិក

អន្តរជាតិ

កាលពីថ្ងៃទី ១០ ខែមករាកន្លងទៅនេះ ក្រុមហ៊ុន Hanwha Q CELLS របស់កូរ៉េខាងត្បូង បាននិយាយថា ខ្លួននឹងបន្ថែមការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ២,៣១ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៥ ដើម្បីសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតមួយផ្សេងទៀត នៅលើទឹកដីសហរដ្ឋអាមេរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថាក្រុមហ៊ុន Hanwha Q CELLS កំពុងដំណើរការរោងចក្រផលិតថាមពលព្រះអាទិត្យ ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីបាន ១,៧ ជីហ្គាវ៉ាត់ មួយរួចទៅហើយ នៅតំបន់ Dalton នៃរដ្ឋ Georgia ។

ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមហ៊ុនអភិវឌ្ឍថាមពលរបស់កូរ៉េខាងត្បូងមួយនេះ នឹងបន្ថែមការវិនិយោគរបស់ខ្លួនរហូតដល់ ២០០ ពាន់លានវ៉ុន ឬ ២,៣១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលព្រះអាទិត្យថ្មីមួយទៀត ដែលអាចមានសមត្ថភាពផលិតថាមពល ១,៤ ជីហ្គាវ៉ាត់ នៅជាប់នឹងរោងចក្របច្ចុប្បន្នរបស់ខ្លួនដែរ ។

គួរឱ្យដឹងថាក្រុមហ៊ុន Hanwha Q CELLS ចាប់ផ្តើមសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យដំបូងរបស់ខ្លួន នៅរដ្ឋ Georgia ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសអំពីផែនការដាក់កម្រិតពន្ធទៅលើបន្ទះថាមពលពន្លឺព្រះអាទិត្យ ដែលនាំចូល ក្នុងឆ្នាំ ២០១៨ មក ។

មិនតែប៉ុណ្ណោះ នៅពេលដែលរោងចក្រទី ២ ត្រូវបានបញ្ចប់សាងសង់នោះ ក្រុមហ៊ុន Hanwha Q CELLS រំពឹងថានឹងអាចមានសមត្ថភាពផលិតថាមពលប្រចាំឆ្នាំបានរហូតដល់ ៣,៣ ជីហ្គាវ៉ាត់ ដែលជាសមត្ថភាពក្នុងការផលិតថាមពលពីព្រះអាទិត្យដ៏ធំបំផុត នៅក្នុងសហរដ្ឋអាមេរិក ៕