ថ្មីៗនេះ ក្រុមហ៊ុនខ្នាតយក្សចិន BOE Tenchnology Group Co Ltd ដែលជាអ្នកផលិតអេក្រង់ផ្គត់ផ្គង់ឱ្យទាំង Apple Inc និង Samsung Electronics Co Ltd បាននិយាយថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់ប្រមាណ ៤០០ លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួនពីរបន្ថែម នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសាព័ត៌មាន Vietnam Express ។

តាមរយ:ផែនការសាងសង់រោងចក្រថ្មីនេះផងដែរ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Apple និងក្រុមហ៊ុនផ្គត់ផ្គង់ Foxconn របស់តៃវ៉ាន់ កំពុងព្យាយាមធ្វើការកាត់បន្ថយផលប៉ះពាល់ចំពោះខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន នៅក្នុងប្រទេសចិន ជាពិសេសនៅចំពេលកំពុងមានភាពតានតឹងលើពាណិជ្ជកម្ម និងភូមិសាស្រ្តនយោបាយ រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាផលរំខានផ្នែកផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ ដ៏តឹងរ៉ឹងរបស់ប្រទេសចិនផងដែរ ។
យ៉ាងណាបើតាមប្រភពខាងលើបានអះអាងទៀតថា ក្រុមហ៊ុន BOE កំពុងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីធ្វើការជួលដីរាប់សិបហិកតា នៅតំបន់ភាគខាងជើងប្រទេសវៀតណាម ដើម្បីធ្វើការសាងសង់រោងចក្រថ្មីរបស់ខ្លួន ដោយបន្ថែមពីលើរោងចក្រដែលមានស្រាប់ នៅតំបន់ភាគខាងត្បូងប្រទេស ។

ជម្រាបជូនផងដែរថា តំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានទាក់ទាញការវិនិយោគ ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើន ដោយបានកែប្រែទីនោះក្លាយទៅជាតំបន់មជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយ សម្រាប់ការផលិតស្មាតហ្វូន កុំព្យូទ័រ កាមេរ៉ា និងរួមទាំងទំនិញសំខាន់ៗផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុនលំដាប់ពិភពលោក ដូចជា Apple និង Samsung ផងដែរ ៕