កាលពីថ្ងៃទី ១០ មករាកន្លងទៅ រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នា ដោះដូរអ្នកទោសសង្គ្រាមអំឡុងពេលជួបសំណេះសំណាលដ៏កម្រនៅឯប្រទេសតួកគី ហើយក៏បានជជែកពីការបង្កើតច្រករបៀងមនុស្សធម៌ផងដែរ។

យោងតាមការចុះផ្សាយពី CNA បានបង្ហើបថា មន្ត្រីសិទ្ធមនុស្សអ៊ុយក្រែន Dmytro Lubinets បានជួបអ្នកតំណាងរុស្ស៊ី Tatyana Moskalkova នៅឯវេទិកាអន្តរជាតិធ្វើឡើងនៅទីក្រុង Ankara និងមានការចូលរួមដោយប្រធានាធិបតីតួកគីផង។

លោក Lubinets ក៏បានបញ្ជាក់ទៀតថា ភាគីទាំងសងខាងបានព្រមព្រៀងដោះដូរអ្នកទោសរៀងៗខ្លួន ប្រមាណច្រើនជាង ៤០ នាក់ ហើយក៏មានការរំពឹងថា នឹងមានការដោះដូរកិច្ចព្រមព្រៀងជាច្រើនទៀត អំឡុងកិច្ចប្រជុំនាថ្ងៃព្រហស្បតិ៍ម្ដងទៀត។

សូមជម្រាបដែរថា បើទោះជាសង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលប្រមាណជាង ១១ ខែ ប៉ុន្តែភាគីទាំងសងខាងគឺតែងតែយល់ព្រមដោះដូរអ្នកទោសសង្គ្រាមជារឿយៗ ហើយក្នុងនោះ តួកគីដែលជាសមាជិក NATO បានដើរតួយ៉ាងសំខាន់ ក្នុងការធ្វើជាអ្នកនាំសារ បញ្ចុះបញ្ចូលឲ្យប្រទេសទាំង ២ បើកកិច្ចចរចាសន្តិភាព និងប្រកាន់ជំហរអព្យាក្រឹត្យ៕