តម្រួតប្រទេសថៃបានធ្វើការចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ហើយក៏បានរកឃើញទ្រព្យសម្បត្តិមួយចំនួនធំដែលជាកម្មសិទ្ធិរបស់កូនៗមេយោធាមីយ៉ាន់ម៉ា Min Aung Hlaing នៅទីនោះផង។

យោងតាមការចុះផ្សាយពី Reuters បានបង្ហាញថា ការបង្ក្រាបទីតាំងគ្រឿងញៀននោះធ្វើឡើងនៅទីក្រុងបាងកក និងឃាត់ខ្លួនអ្នកជំនួញ Tun Min Latt វ័យ ៥៣ ឆ្នាំ ដែលត្រូវបានគេដឹងថា មានទំនាក់ទំនងស្អិតល្មួតជាមួយមេយោធាមីយ៉ាន់ម៉ា។

ប្រភពដដែលបន្ថែមថា ការចុះបង្ក្រាបទីតាំងគ្រឿងញៀនកាលពីខែកញ្ញា ប៉ូលិសបានរឹបអូសទ្រព្យសម្បត្តិជិត ៩ លានដុល្លារ មានដូចជាឡានទំនើប នាឡិកា កាបូបដៃថ្លៃៗ និងប្រាក់សុទ្ធ ២៣៩ ០៩១ ដុល្លារផង។
បើទោះជាទ្រព្យសម្បត្តិទាំងនោះ គេដឹងថាជាកម្មសិទ្ធិរបស់កូនៗទាំង ២ នៃមេដឹកនាំយោធាមីយ៉ាន់ម៉ា ប៉ុន្តែពួកគេមិនត្រូវបានឃាត់ខ្លួនដោយប៉ូលិសថៃឡើយ ហើយដីកាចាប់ខ្លួនគឺធ្វើសម្រាប់តែចាប់ខ្លួនលោក Tun Min Latt តែម្នាក់ប៉ុណ្ណោះ៕