កាលពីពេលថ្មីៗនេះ មហាសេដ្ឋីមានបំផុតលើលោក Bernard Arnault បានប្រកាសតំឡើងតំណែងកូនស្រី Delphine Arnault ឲ្យក្លាយជាប្រធានគ្រប់គ្រងក្រុមហ៊ុន Dior ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនមេ LVMH។

យោងតាមការចុះផ្សាយពី Timesnownews បានបង្ហើបថា ការផ្លាស់ប្ដូរតំណែងពីនាយកជាន់ខ្ពស់នៃក្រុមហ៊ុន Louis Vuitton ទៅជាប្រធានក្រុមហ៊ុន Dior របស់កូនស្រី Delphine ធ្វើឡើង ក្រោយទ្រព្យសម្បត្តិរបស់ Bernard Arnault កើនឡើងច្រើនលើសលុប។

“ក្រោមការគ្រប់គ្រងរបស់ Delphine ក្រុមហ៊ុន Louis Vuitton បានបង្កើតកំណត់ត្រាលក់ជាច្រើន ហើយផ្អែកតាមបទពិសោធន៍ និងចក្ខុវិស័យរបស់នាង Dior ក៏នឹងច្បាស់ជាជោគជ័យថែមមួយកម្រិតទៀតជាមិនខាន”។ នេះបើតាមសម្ដីរបស់លោក Arnault បាននិយាយ។

សូមជម្រាបដែរថា LVMH គឺជាអាជីវកម្មបែបគ្រួសារ ដោយត្រកូល Arnault គ្រប់គ្រងក្រុមហ៊ុនទាំងមូលតែម្ដង ពោលឪពុក និងកូន ៥ នាក់ សុទ្ធតែកាន់តួនាទីធំៗកប់ក្ដោងនៅក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ៕