Tesla កាន់តែកៀកក្នុងការចុះកិច្ចព្រមព្រៀងសង់រោងចក្រដំបូង នៅប្រទេសឥណ្ឌូនេស៊ី

អន្តរជាតិ

យោងតាមសារព័ត៌មានដ៏ល្បីល្បាញ Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុន Tesla Inc កំពុងខិតជិតក្នុងការចុះកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួនជាលើកដំបូង នៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ ដោយរោងចក្រនោះ រំពឹងថាអាចមានសមត្ថភាពផលិតបានរហូតដល់ទៅមួយលានគ្រឿងឯណោះ​ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបន្ថែមឱ្យដឹងទៀតថា រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរថា ខ្លួននៅតែកំពុងបន្តកិច្ចពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលមានតម្លៃថ្លៃបំផុត ក្នុងលោកមួយនេះ ។

របាយការណ៍ពី Bloomberg បានបន្តទៀតថា កិច្ចពិភាក្សាទាំងនេះ អាចរួមមានទាំងផែនការសម្រាប់សាងសង់កន្លែងផលិតកម្មថ្មី ក៏ដូចជាការសម្រួលដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Tesla បន្ថែមទៀតផងដែរ ។

គួរឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Tesla បានផលិតរថយន្តអគ្គិសនី នៅឯរោងចក្រជាច្រើនរបស់ខ្លួន ក្នុងទីក្រុងធំៗដូចជា Shanghai, Austin, Berlin , Fremont និងរដ្ឋ California ផងដែរ។ ហើយវាក៏ត្រូវបាន​គេ​រាយការណ៍​ថា ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ​នឹង​ប្រកាសអំពីការបើក​រោងចក្រ​ថ្មី​មួយផ្សេងទៀត នៅក្នុង​រដ្ឋ Nuevo Leon របស់​ម៉ិកស៊ិកថែមទៀតផង ។

ជម្រាបជូនថា កាលពីឆ្នាំមុន ក្រុមហ៊ុន Tesla បានចុះហត្ថលេខាលើកិច្ចសន្យាមួយ ដែលមានតម្លៃប្រហែល ៥ ពាន់លានដុល្លារ ដើម្បីទិញសម្ភារ:សម្រាប់ការផលិតអាគុយរបស់ខ្លួន ពីក្រុមហ៊ុនកែច្នៃរ៉ែនីកែល នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

ប៉ុន្តែទន្ទឹមនឹងនោះ តាមរយ:កិច្ចព្រមព្រៀងដ៏ធំនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក៏បានជំរុញឱ្យក្រុមហ៊ុន Tesla មកធ្វើការផលិតរថយន្ត ក៏ដូចជាអាគុយរបស់ពួកគេ នៅក្នុងប្រទេសរបស់ខ្លួនតែម្តង តាមអ្វីដែលគាត់បានលើកឡើងទៅកាន់សារព័ត៌មាន Bloooberg News កាលពីខែសីហា ៕