លោកស្រី MacKenzie Scott អតីតភរិយាស្ថាបនិក Amazon លោក Jeff Bezos ត្រូវបានគេរាយការណ៍ថា បានលែងលះជាមួយស្វាមីទី ២ ដែលជាគ្រូបង្រៀនដាច់ស្រេច បន្ទាប់ពីចំណាយពេលរួមរស់ជាមួយគ្នារយៈពេលមួយឆ្នាំ។

យោងតាមការចុះផ្សាយពី News បានឲ្យដឹងថា មហាសេដ្ឋីស្រីវ័យ ៥២ ឆ្នាំ បានចុះហត្ថលេខាលើលិខិតលែងលះជាមួយស្វាមីទី ២ Dan Jewett នៅតុលាការក្រុង Washington ជាផ្លូវការកាលពីថ្ងៃទី ០៤ មករាកន្លងទៅ។

គួររំលឹកដែរថា កាលពីខែកញ្ញាឆ្នាំទៅ Scott បានដាក់ពាក្យបណ្ដឹងលែងលះជាមួយលោក Jewett ជាមួយនឹងការសន្យាបែងចែកទ្រព្យសម្បត្តិ ដែលមិនទាន់ត្រូវបានទម្លាយឲ្យដឹង ខណៈស្វាមីក្រោយរបស់លោកស្រីក៏មិនបានតវ៉ាផងដែរ ដ្បិតអ្នកទាំង ២ បានចុះកិច្ចព្រមព្រៀងមុនពេលរៀបអាពាហ៍ពិពាហ៍រួចស្រេចហើយ។

សូមជម្រាបដែរថា មុនរៀបការជាមួយលោក Jewett អ្នកស្រី Scott ធ្លាប់បានចំណាយពេលស្ទើរ ២៥ ឆ្នាំ ក្នុងជីវិតអាពាហ៍ពិពាហ៍ជាមួយមហាសេដ្ឋី Jeff Bezos ប៉ុន្តែអ្នកទាំង ២ បានចែកផ្លូវគ្នាកាលពីខែកក្កដា ២០១៩ បន្ទាប់ពីអ្នកស្រីចាប់បានមេធំ Amazon លួចមានទំនាក់ទំនងស្នេហាជាមួយអតីតពិធីការនីប៉ុស្តិ៍ទូរទស្សន៍ Fox អ្នកនាង Lauren Sanchez៕