Apple កាត់បន្ថយប្រាក់ប្រចាំឆ្នាំមេធំ Tim Cook រហូតដល់ ៤០% នាឆ្នាំនេះ

អន្តរជាតិ

យោងតាម​ការ​ចុះផ្សាយពី BBC បាន​ឲ្យដឹងថា ប្រាក់ប្រចាំឆ្នាំ​របស់​នាយកប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook នឹង​មាន​ការ​ថមថយ​រហូតដល់​ច្រើនជាង ៤០% សម្រាប់ឆ្នាំនេះ បន្ទាប់​ពី​សាមី​ខ្លួន​ផ្ទាល់​ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ប្រាក់ខែ​របស់​ខ្លួន ក្រោយ​មាន​ការ​រិះគន់​ពី​សំណាក់​ម្ចាស់ភាគហ៊ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះក៏មាន​ន័យថា Tim Cook នឹង​ទទួល​បាន​ប្រាក់ខែគោលប្រចាំឆ្នាំ​ប្រមាណ ៣ លានដុល្លារ បូកបន្ថែម​នឹង​ប្រាក់លើកទឹកចិត្តផ្សេងៗអាចបានដល់ ៦ លានដុល្លារ ហើយ​បើសរុប​ទាំង​ភាគហ៊ុន​ផ្សេងទៀត មេធំ Apple នឹងទទួលបាន​ប្រហែល ៤៩ លានដុល្លារសម្រាប់ឆ្នាំ ២០២៣។

គួររំលឹកដែរថា កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន​យក្ស​បាន​ផ្ដល់ជូនប្រាក់ប្រចាំឆ្នាំ​ជូន​មហាសេដ្ឋី​បច្ចេកវិទ្យា​ប្រមាណ ៨៤ លានដុល្លារ ហើយ​កាលពីឆ្នាំ ២០២១ លោក​ធ្លាប់​ទទួលបាន​រហូតដល់ ៩៩,៤ លានដុល្លារឯណោះ។

សូមជម្រាបបន្ថែមថា Tim Cook គឺជា​នាយកប្រតិបត្តិ​មួយរូប​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់បំផុត​លើលោក ហើយ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់លោក Apple បាន​ក្លាយជា​ក្រុមហ៊ុន​តំបូង​បង្អស់​ដែល​មាន​មូលធន​ទីផ្សារ​ឡើងដល់ ៣ ទ្រីលានដុល្លារ មុនពេល​ធ្លាក់​មក​នៅ​ត្រឹម ២,១ ទ្រីលានដុល្លារ​វិញ ដោយសារ​ឱនភាព​នៃ​ទីផ្សារបច្ចេកវិទ្យាសកល៕