ឥណ្ឌូនេស៊ី គ្រោងធ្វើការនាំចេញពោត ២ សែនតោនទៅកាន់ប្រទេសអាស៊ាន ៣ នេះ

អន្តរជាតិ

យោងតាមប្រធានទីភ្នាក់ងារអាហារជាតិរបស់ឥណ្ឌូនេស៊ី (Bapanas) លោក Arief Parsetyo Adi បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសរបស់ខ្លួនគ្រោងនឹងធ្វើការនាំចេញពោត ទៅកាន់ប្រទេសវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី នៅឆ្នាំ ២០២៣ នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ បើតាមលោក Arief បានប្រាប់ឱ្យដឹងទៀតថា ឥណ្ឌូនេស៊ី រំពឹងថានឹងអាចនាំចេញពោតរបស់ខ្លួន ក្នុងចំនួន ២០០ ០០០ តោន ទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ នៅក្នុងត្រីមាសទីមួយ ឆ្នាំនេះ ។

គួរឱ្យដឹងថា Bapanas បានជួប និងពិភាក្សាអំពីគម្រោងក្នុងការនាំចេញញជាមួយអ្នកតំណាង មកពីភ្នាក់ងារពាក់ព័ន្ធរបស់ប្រទេសអ្នកនាំចូលរួចរាល់ហើយ ប៉ុន្តែវានៅមានឧបសគ្គបន្តិចបន្តួច នៅក្នុងការអនុវត្តគម្រោងនេះ តួយ៉ាងដូចជាបញ្ហាទៅលើការផ្ទេរពោត ពីកប៉ាល់ដឹកទំនិញមួយ ទៅកាន់កប៉ាល់មួយផ្សេងទៀត ។

ហើយយ៉ាងណាមិញ ដើម្បីអាចសម្រេចគម្រោងក្នុងការនាំចេញពោតរបស់ខ្លួន បានដោយរលូន រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានដាក់ចេញផែនការក្នុងការបែងចែកថវិកាមូលនិធិវិនិយោគ ចំនួន ២ ទ្រីលានរូពី (១៣០ លានរដុល្លារ) ផងដែរ ប៉ុន្តែនៅមិនទាន់សម្រេចជាផ្លូវការនៅឡើយនោះទេ ។

រំលឹកផងដែរថា កន្លងមក រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ប្រធានាធិបតី Joko Widodo បានស្នើសុំឱ្យមានការបង្កើនផលិតកម្មពោត ជាមួយនឹងការបើកកសិដ្ឋានថ្មីៗ និងដាំគ្រាប់ពូជដែលមានគុណភាពខ្ពស់ ខណ:កាល​ពី​ឆ្នាំ​មុន ផលិតកម្ម​ពោត​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​កើនឡើងដល់ ៣៤,៤ លាន​តោន៕