ថ្មីៗនេះ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បាននិយាយថា ពួកគេអាចនឹងមានការបញ្ឈប់ការនាំចេញប្រេងដូង ទៅកាន់សហភាពអឺរ៉ុប ដើម្បីជាការឆ្លើយតបទៅនឹងច្បាប់ថ្មីរបស់ EU ដែលមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងចំពោះការលក់ផលិតផលដូងប្រេង ដែលមានជាប់ទាក់ទងទៅនឹងការកាប់បំផ្លាញព្រៃ។
បើយោងតាមការចុះផ្សាយពី CNN បានបង្ហាញឱ្យដឹងថា សកម្មជនបរិស្ថានរបស់ EU បានធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើឧស្សាហកម្មប្រេងដូង ដែលនាំឱ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បើទោះបីជាប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បានធ្វើឱ្យមានស្តង់ដារចំពោះវិញ្ញាបនប័ត្រនិរន្តរភាព សម្រាប់ចំការដាំដុះដូងប្រេងទាំងអស់របស់ខ្លួនក៏ដោយ ។
មិនតែប៉ុណ្ណោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនិញម៉ាឡេស៊ី លោក Fadillah Yusof បាននិយាយថា ប្រទេសរបស់ខ្លួន និងឥណ្ឌូនេស៊ី ឥឡូវនេះនឹងមានការពិភាក្សាគ្នា អំពីច្បាប់ហាមឃាត់ក្នុងការលក់ប្រេងដូង និងទំនិញផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើនេះ ។
លើសពីនេះ ដោយបានថ្លែងប្រាប់ទៅកាន់ប្រព័ន្ធផ្សាយមួយកាលពីថ្ងៃទី ១២ ខែមករា លោក Fadillah បានធ្វើការជំរុញឱ្យសមាជិកក្រុមប្រឹក្សាផលិតប្រេងដូងម៉ាឡេស៊ី (CPOPC) រួមគ្នាធ្វើការប្រឆាំងទៅនឹងច្បាប់ថ្មីនេះ ដោយសំអាងថាការចោទប្រកាន់មកលើឧស្សាហកម្មដូងប្រេង ដែលធ្វើឡើងដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺគ្មានមូលដ្ឋានច្បាស់លាស់ ។
ទន្ទឹមនឹងនោះផងដែរ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Anwar Ibrahim ក៏បានធ្វើការព្រមព្រៀងគ្នា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងច្បាប់ថ្មីនេះ ដោយព្រមានថានឹងធ្វើការបញ្ឈប់ការនាំចេញប្រេងដូង និងផលិតផលពាក់ព័ន្ធទាំងអស់ទៅកាន់ EU រួមទាំងធ្វើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយ:ស្ថាប័ន CPOPC ផងដែរ ។
ជម្រាបជូនផងដែរថា យោងទៅតាមទិន្នន័យរបស់ក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ី បានបង្ហាញឱ្យដឹងថា EU គឺជាអ្នកនាំចូល និងប្រើប្រាស់ប្រេងដូងធំជាងគេទីបីរបស់ពិភពលោក ពោលគឺស្មើទៅនឹង ៩,៤% នៃការនាំចេញប្រេងដូងសរុបរបស់ម៉ាឡេស៊ី ៕