ថ្មីៗនេះធនាគារកណ្តាលរបស់ប្រទេសថៃ រំពឹងថាធនាគានិម្មិត (Virtual bank) ដំបូង នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅអំឡុងត្រីមាសទីពីរ ឆ្នាំ ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA ។
ជុំវិញការដាក់ឱ្យដំណើរការធនាគារតាមប្រព័ន្ធអនឡាញដំបូងនេះ គឺមានគោលបំណងធំ ដើម្បីជំរុញដល់ការប្រកួតប្រជែង ក៏ដូចជាពង្រីកលទ្ធភាពក្នុងការផ្តល់ជូនប្រាក់កម្ចី និងកាត់បន្ថយការចំណាយសម្រាប់ម្ចាស់អាជីវកម្ម និងបុគ្គលិកផងដែរ ។
លើសពីនេះ បើតាមជំនួយការទេសាភិបាល លោក Tharith Panpiemras បាននិយាយថា ធនាគារកណ្តាលថៃ គ្រោងនឹងដាក់ចេញនូវអាជ្ញាប័ណ្ណចំនួន ៣ នៅឆ្នាំ ២០២៤ មុនពេលប្រតិបត្តិការចាប់ផ្តើម នៅឆ្នាំ ២០២៥ ហើយក្នុងនោះមានក្រុមហ៊ុនប្រហែល ១០ ដែលបានបង្ហាញចំណាប់អារម្មណ៍ស្នើសុំសេវាកម្មធនាគារអនឡាញនេះ ។
ជម្រាបជូនផងដែរថា សម្រាប់ក្រុមហ៊ុន ដែលមានបំណងចង់បើកធនាគារអនឡាញនីមួយៗ ត្រូវតែមានដើមទុនចុះបញ្ជីយ៉ាងហោចណាស់ ៥ ពាន់លានបាត (១៥០,១៥ លានដុល្លារ) ហើយវានឹងត្រូវបង្កើនចំនួនទឹកប្រាក់រហូតដល់ ១០ ពាន់លានបាត (៣០០ លានដុល្លារ) នៅពេលកម្មវិធីនេះ ដាក់ឱ្យដំណើរការពេញលេញ ៕