រយៈពេល ២ឆ្នាំ ក្រុមអ្នកមានបំផុតមួយក្ដាប់តូច សំងំកើបលុយសរុបរហូត ២៦ ទ្រីលានដុល្លារ

អន្តរជាតិ

ក្រុមអ្នកមានបំផុត​ប្រហែល ១% បាន​សំងំ​កើបលុយ​ប្រហែល ២/៣ នៃទ្រព្យសម្បត្តិ​សរុប​ដែល​បាន​កើនឡើង​រយៈពេល ២ ឆ្នាំ គិតចាប់ពីឆ្នាំ ២០២០ មកទល់ចុងឆ្នាំ ២០២២ និងមានតម្លៃប្រមាណ ៤២ ទ្រីលានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំហំទ្រព្យសម្បត្តិ​ដ៏​មហាសាល​នេះ គឺ​វាច្រើនជាង​ទ្វេដង​ជាមួយ​នឹង​ប្រាក់ចំណូល​នៃ​ប្រជាជន​ទូទាំងសកលលោក ៩៩% ដែល​រស់នៅ​ក្នុងកម្រិត​ជីវភាព​ក្រខ្សត់។ នេះ​បើតាម​ការ​ចុះផ្សាយពី Oxfam។

ប្រភពដដែល​បន្ថែមទៀតថា តាំងពីផ្ទុះជំងឺ​រាតត្បាត​កូវីដ ១៩ មក ក្រុមអ្នកមាន​មួយក្ដាប់តូច​សំងំ​កើបផលប្រយោជន៍​ជាច្រើន ខណៈ​អ្នកក្រ​កាន់តែក្រ ពោល​រយៈពេល ១០ ឆ្នាំចុងក្រោយ​នេះ ទឹកប្រាក់ ១០០ ដុល្លារ​ដែល​រកបាន មាន ៣៤ដុល្លារ ហូរចូលហោប៉ៅ​អ្នកមាន និង ៥ ដុល្លារ​ធ្លាក់ទៅកាន់​ក្រុម​មនុស្ស​ដែលមាន​ជីវភាព​មធ្យម ៥០%។

នេះ​ក៏​មាន​ន័យថា រយៈពេល ១០ ឆ្នាំ​នេះ ក្រុមអ្នកមាន​មួយក្ដាប់តូច​ប្រមាណ ១% នៃ​ប្រជាជន​សរុប​ គឺ​ទទួល​បាន​ផលចំណេញ​ច្រើនជាង មនុស្ស​ទូទៅ​ជិត ៧ ដងឯណោះ។

គិត​តាំងពី​ឆ្នាំ ២០២០ មក ក្រុមមហាសេដ្ឋី​បាន​កើបលុយ​សរុប ២៦ ទ្រីលានដុល្លារ ខណៈ ១៦ ទ្រីលានដុល្លារ​ទៀត គឺ​សរុប​ប្រាក់ចំណូល​នៃ​ប្រជាជន​សរុប​ទូទាំងពិភពលោក ហើយនេះ​ក៏​មាន​ន័យថា មហាសេដ្ឋី​ម្នាក់​កើនលុយ​ប្រហែល ១,៧ លានដុល្លារ រាល់ពេល​ប្រជាជន​ក្រីក្រ​ម្នាក់​មាន​ចំណូល ១ ដុល្លារ​ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ រយៈពេល ២ ឆ្នាំ​នេះ ទំហំ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​បាន​កើនឡើង ២,៧ ពាន់​លាន​ដុល្លារ​ជារៀងរាល់ថ្ងៃ ហើយ​វា​ក៏​បាន​បង្កើតកំណត់ត្រា​ប្រចាំទសវត្ស ទាំងចំនួន និង​ទំហំ​ទ្រព្យសម្បត្តិ​មហាសេដ្ឋី មាន​ការ​កើនឡើង​ទ្វេដង​សម្រាប់​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ។

សម្រាប់​ក្នុង​ឆ្នាំ ២០២២ នេះ​ទៀតសោត មហាសេដ្ឋី​ដែល​រក​ស៊ី​លើ​វិស័យចំណីអាហារ និង​ថាមពល ទទួល​បាន​ផលចំណេញ​ច្រើន​បំផុត ហើយ Oxfam បាន​រាយការណ៍​ថា ក្រុមហ៊ុន​ប្រមាណ ៩៥ ទទួល​បាន​ផលចំណេញ​ទ្វេដង ប្រមាណ ៣០៦ ពាន់​លានដុល្លារ ហើយ ២៥៧ ពាន់​លានដុល្លារ បាន​ហូរចូលហោប៉ៅ​ម្ចាស់ភាគហ៊ុន​ធំៗ៕