ការបោះឆ្នោតជុំតំបូង នៃការជ្រើសរើសប្រធានាធិបតីនៃសាធារណរដ្ឋឆេក បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយអតីតឧត្ដមសេនីយ៍អង្គការ NATO លោក Petr Pavel និងមហាសេដ្ឋី Andrej Babis ទទលបានសម្លេងគាំទ្រដាច់ផឹង បើធៀបនឹងបេក្ខភាព ៦ រូបផ្សេងទៀត។
យោងតាមការចុះផ្សាយពី Politics បានឲ្យដឹងថា លោក Petr ទទួលបានសម្លេងគាំទ្រ ៣៥,៤% ខណៈអតីតនាយករដ្ឋមន្ត្រី Babis ទទួលបានសន្លឹកឆ្នោត ៣៥% ហើយបេក្ខភាពទាំង ២ បានក្លាយជាបេក្ខភាព ២ រូបចុងក្រោយនៃការប្រជែងតំណែងប្រធានាធិបតីនាថ្ងៃទី ២៧ ២៨ មករាខាងមុខ។
វាអាចនឹងមិនមែនជារឿងល្អប៉ុន្មានសម្រាប់ប្រធានាធិបតីថ្មីឡើយ ពោលក្នុងចំណោមអ្នកទាំង ២ គឺនឹងត្រូវទទួលថ្មបាក់ពីលោក Milos Zeman ពោលគឺត្រូវដោះស្រាយវិបត្តិអតិផរណានៅក្នុងប្រទេសដែលមានប្រជាជន ១០,៥ លាននាក់។
សូមជម្រាបដែរថា យោងតាមការស្ទង់មតិមុនពេលបោះឆ្នោតជុំទី ១ បានបង្ហាញថា អតីតមេធំ NATO អាចនឹងផ្ដួលលោក Babis បើសិនជាអ្នកទាំង ២ ត្រូវតទល់គ្នានៅវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីឆេក ក៏មានអ្នកគាំទ្រច្រើនដូចគ្នា ដូច្នេះលទ្ធផលពិបាកនឹងស្មានទុកខ្លាំងណាស់៕