ឥណ្ឌាគឺជាប្រទេសដែលមានមនុស្សរស់នៅច្រើនបំផុតលើលោកទី ២ បន្ទាប់ពីចិន ហើយប្រទេសមួយនេះក៏សំបូរមហាសេដ្ឋីផងដែរ តួយ៉ាងអ្នកមានដាច់គេ Gautam Adani បានក្លាយជាមហាសេដ្ឋីមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតលើលោកទី ៣ជាដើម។
ថ្មីៗនេះ យោងតាមការចុះផ្សាយពី Timesofindia បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតនៅឥណ្ឌា ប្រមាណ ២១ រូប គឺមានច្រើនជាងទ្រព្យសម្បត្តិប្រជាជន ៧០០ លាននាក់នៅក្នុងប្រទេសបូកបញ្ចូលគ្នាថែមទៀត។
ដោយឡែក Oxfam ថែមទាំងបានរាយកាណ៍ទៀតថា ចន្លោះឆ្នាំ ២០១២ ដល់ ២០២១ ប្រាក់ចំណូល ៤០% នៃប្រទេសឥណ្ឌា គឺបានហូរចូលហោប៉ៅក្រុមអ្នកមានបំផុតមួយក្ដាប់តូច ខណៈមានតែ ៣% ប៉ុណ្ណោះ ដែលបានខ្ទាតទៅដល់ប្រជាជនមានជីវភាពមធ្យម ៥០%។
សូមជម្រាបដែរថា ថ្វីបើក្រុមអ្នកមានមួយក្ដាប់តូចទទួលបានចំណូលយ៉ាងច្រើន ប៉ុន្តែចំណូលពន្ធដារនៅឥណ្ឌាប្រមាណ ៦៤% គឺទទួលបានពីក្រុមប្រជាជនដែលមានជីវភាពមធ្យម និងក្រខ្សត់ ៣៣% ទទួលបានពីគ្រួសារលំដាប់អភិជន និងក្រុមមហាសេដ្ឋីមានបំផុតប្រចាំប្រទេស៕