ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សប្រចាំប្រទេសចិន Tencent បានប្រកាសកាលពីថ្ងៃច័ន្ទថា ពួកគេបានបណ្ដេញបុគ្គលិកច្រើនជាង ១០០ នាក់ បន្ទាប់ពីរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីពុករលួយ និងស៊ីសំណូកសូកប៉ាន់។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា តាំងពីរដ្ឋាភិបាលចុះបង្ក្រាបវិស័យបច្ចេកវិទ្យាក្នុងស្រុក គេរកឃើញថាមានករណីពុករលួយជាច្រើននៅក្នុងវិស័យមួយនេះ ហើយវាក៏បណ្ដាលឲ្យក្រុមហ៊ុនរកស៊ីលើវិស័យបច្ចេកវិទ្យាជាច្រើន បង្ហាញក្ដីព្រួយបារម្ភផងដែរ។

តួយ៉ាង Tencent ធ្លាប់ប្រកាសម្ដងដែរកាលពីខែវិច្ឆិកាថា ប្រាក់ចំណូលប្រចាំត្រីមាសរបស់ពួកគេបានបន្តដាំក្បាលចុះ ២ ត្រីមាសជាប់ៗគ្នា ហើយក៏បានបន្តរកឃើញបុគ្គលិកជាប់ពាក់ព័ន្ធនឹងករណីឆបោកច្រើនជាង ១០០ នាក់ ដែលនេះក៏ល្មើសនឹងច្បាប់ប្រឆាំងអំពើពុករលួយរបស់ក្រុមហ៊ុនផងដែរ។

សូមជម្រាបដែរថា Tencent ទទួលរងការខាតបង់ជាច្រើនពីការបង្ក្រាបរបស់រដ្ឋាភិបាល ហើយក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតតូចជាច្រើនបានតវ៉ា នឹងរដ្ឋាភិបាល ដោយអះអាងថា ផលិតផលរបស់ពួកគេមិនបង្កផលប៉ះពាល់ដល់រដ្ឋាភិបាលឡើយ៕