ថៃ រំពឹងកើបលុយ ១៥២ ពាន់លានដុល្លារ ពីការមកដល់របស់ភ្ញៀវទេសចរបរទេស នៅឆ្នាំ ២០២៧

អន្តរជាតិ

ថ្មីៗនេះ ប្រទេសថៃ កំពុងបង្ហាញក្តីរំពឹងទុកខ្ពស់ថា ការមកដល់នៃភ្ញៀវទេសចរបរទេស អាចកើនឡើងរហូតដល់ ៨០ លាននាក់ គិតត្រឹមឆ្នាំ ២០២៧ ពោលគឺជាចំនួនកើនឡើងលើសពីរដង ធៀបទៅនឹងឆ្នាំ ២០១៩ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Phiphat Ratchakitprakarn បាននិយាយថា ផែនការក្នុងការអភិវឌ្ឍទេសចរណ៍ ក្នុងអំឡុងឆ្នាំ ២០២៣-២០២៧ រដ្ឋាភិបាល មានគោលបំណងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ ៥ ទ្រីលានបាត ឬ ប្រហែល ១៥២ ពាន់លានដុល្លារ ដែលជាចំនួនស្ទើតែកើនឡើងបីដងនៃប្រាក់ចំណូល ១,៩៣ ទ្រីលានបាន ដែលទទួលបាន ពីការមកដល់របស់ភ្ញៀវបរទេស នៅក្នុងឆ្នាំ ២០១៩ ។

មិនតែប៉ុណ្ណោះ សម្រាប់ឆ្នាំ ២០២៣ នេះវិញ ក្រសួងទេសចរណ៍ថៃ រំពឹងទុកខ្ពស់ថា នឹងអាចមើលឃើញភ្ញៀវបរទេសយ៉ាងតិច ២៥ លាននាក់ ចូលមកកាន់ប្រទេសរបស់ខ្លួន ដែលនឹងជួយឱ្យវិស័យនេះ អាចងើបឡើងវិញដល់ ៦០% ពីកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ។

លើសពីនេះទៅទៀត ប្រាក់ចំណូលសរុប ពីភ្ញៀវទេសចរក្នុងស្រុក និងបរទេស នៅក្នុងឆ្នាំ ២០២៣ ត្រូវបានព្យាករទុកថា នឹងមានចំនួន ២,៣ ទ្រីលានបាត ឬ ៨០% នៃកម្រិតមុនមានជំងឺរាតត្បាត ដែលជាការរួមចំណែកដ៏ធំដោយ ការមកដល់របស់ភ្ញៀវទេសចរចិន ក្រោយពីរដ្ឋាភិបាលប្រទេសនេះ បានធ្វើការលុបចោលវិធានការរឹងបន្តឹងកូវីដ-១៩ របស់ខ្លួន កាលពីថ្ងៃទី ៨​ ខែមករាកន្លងទៅ ។ ​

ជម្រាបជូនទៀតផងដែរថា បើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញឱ្យដឹងថា ប្រទេសរបស់ខ្លួន បានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន ១១,៨១ លាននាក់ក្នុងឆ្នាំ ២០២២ ដែលជួយឱ្យរដ្ឋបង្កើតប្រាក់ចំណូលសរុប ពីភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិបានចំនួន ១,៥ ទ្រីលានបាត ដោយក្នុងនោះ ភ្ញៀវទេសចរបរទេសភាគច្រើន គឺមកពីប្រទេសម៉ាឡេស៊ី (១,៩៥ លាននាក់) , ឥណ្ឌា (៩៦៥ ៩៩៤) នាក់ , ឡាវ (៨៤៤ ៩៥៩ នាក់), កម្ពុជា (៥៩១ ៦៥៧​ នាក់) និងសិង្ហបុរី (៥៨៩ ៧៧០ នាក់) ៕