ម៉ាឡេស៊ី រំពឹងថាប្រាក់ចំណូលនាំចេញប្រេងដូងខ្លួន អាចធ្លាក់ចុះជាង ២៤% នៅឆ្នាំនេះ

អន្តរជាតិ

ប្រាក់ចំណូលបានពីការនាំចេញប្រេងដូងរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះដល់ ២៤,១% នៅក្នុងឆ្នាំ ២០២៣ នេះ មកនៅត្រឹមចំនួន ១០២,៥ ពាន់លានរីងហ្គីន ឬ ២៣,៧ ពាន់លានដុល្លារប៉ុណ្ណោះ ពីចំនួន ១៣៥ លានរីងហ្គីត នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ដោយសារតែមានការព្យាករទុកថាតម្លៃប្រេងដូងឆៅធម្មតា (CPO) អាចនឹងមានការធ្លាក់ចុះ សម្រាប់ឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអគ្គនាយកក្រុមប្រឹក្សាភិបាលប្រេងដូងម៉ាឡេស៊ី (MPOB) លោក Ahmad Parveez Ghulam Kadir បាននិយាយនៅឯសិក្ខាសាលាមួយថា ការនាំចេញប្រេងដូងរបស់ម៉ាឡេស៊ី ត្រូវបានរំពឹងទុកថានឹងមានការកើនឡើង ៣,៧% ដល់ចំនួន ១៦,៣០ លានតោន នៅក្នុងឆ្នាំ ២០២៣ ពីចំនួន ១៥,៧៥ លានតោន នៅក្នុងឆ្នាំ ២០២២ ដោយសារតែតម្រូវការពីសំណាក់ប្រទេសជាអតិថិជន នៅតែមានខ្ពស់ ។

លើសពីនេះ លោក Ahmad បាននិយាយទៀតថា ផលិតកម្មរបស់ CPO ទំនងជាអាចកើនឡើង ៣% ដល់ចំនួន ១៩ លានតោន ក្នុងឆ្នាំ ២០២៣ នេះ ពីចំនួន ១៨,៤៥ លានតោន នៅក្នុងឆ្នាំ ២០២២ បន្ទាប់ពីមានកើនឡើងនៃការរំពឹងទុកចំពោះទិន្នផល នៅក្នុងតំបន់ដាំដុះចាស់ រួមទាំងលក្ខខណ្ឌអាកាសធាតុ និងលក្ខខណ្ឌការងារ កាន់តែមានភាពប្រសើឡើង ។

តែទោះជាយ៉ាងណាក៏ដោយ លោក ​Ahmed បានបន្ថែមទៀតថា សម្រាប់តម្លៃប្រេងដូងឆៅវិញ ត្រូវបានព្យាករថា អាចនឹងមានតម្លៃចន្លោះពី ៤ ០០០ រីងហ្គីត ទៅ ៤ ២០០ រីងហ្គីតប៉ុណ្ណោះ ក្នុងមួយតោន នៅឆ្នាំ ២០២៣ នេះ បើធៀបទៅនឹងតម្លៃ ៥ ០៨៧,៥ រីងហ្គីត ក្នុងមួយតោន កាលពីឆ្នាំ ២០២២ ។

ជុំវិញការធ្លាក់ចុះតម្លៃនេះ លោក Ahmed បានសង្កត់ធ្ងន់ទៀតថា គឺដោយសារតែកម្លាំងពលកម្ម នៅតែជាបញ្ហា ក៏ដូចជាការផលិតគ្រាប់ផ្កាឈូករ័ត្នរបស់អ៊ុយក្រែននៅតែមានកម្រិតទាប ដោយសារបញ្ហាសង្គ្រាមនៅតែបន្ត និងការនាំចូលប្រេងដូងពីប្រទេសចិន អាចនឹងកើនឡើងខ្លាំង ដោយសារតែប្រទេសនេះ បានបន្ធូរបន្ថយច្បាប់រឹតបន្តឹងកូវីដ-១៩ របស់ខ្លួនវិញ ៕