សង្គ្រាមនៅប្រទេសអ៊ុយក្រែន បានបង្កផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយសង្គ្រាមរ៉ាំរ៉ៃមួយនេះ ក៏បានធ្វើឲ្យប្រទេសជាច្រើនមានការព្រួយបារម្ភ អំពីលទ្ធភាពនៃការក្លាយជាសង្គ្រាមលោកទៀតផង។

ទន្ទឹមនឹងនោះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងឲ្យដឹងថា អាស៊ីបូព៌ាអាចនឹងជួបបញ្ហាសង្គ្រាមដូចនៅអ៊ុយក្រែនដែរ ហើយលោកក៏បានទទូចសុំអន្តរាគមន៍ពីសហរដ្ឋអាមេរិកសុំឲ្យមានរណសិរ្សរួបរួមមួយ ចំពោះការប្រឆាំងនឹងចិន និងកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយពី VOA។

“អាស៊ីបូព៌ាអាចនឹងក្លាយជាប្រទេសអ៊ុយក្រែននៅថ្ងៃស្អែក ហើយស្ថានការណ៍បច្ចុប្បន្ននៅជុំវិញជប៉ុន ក៏កំពុងបង្ហាញសញ្ញាព្រួយបារម្ភដូចជា ការព្យាយាមផ្លាស់ប្ដូរស្ថានភាពឯកតោភាគី ដោយកងកម្លាំងនៅសមុទ្រចិនខាងកើត និងខាងត្បូង និងសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាដើម”។ នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយ។

បន្ថែមពីនោះ លោកក៏បានថ្កោលទោសយ៉ាងខ្លាំងលើចិន ដែលព្យាយាមបង្កើតជម្លោះជាមួយជប៉ុន ហ្វីលីពីន និងវៀតណាម នៅតំបន់ដែនទឹកជាព្រំប្រទល់នៃប្រទេសទាំងនេះទៀតផង៕