បំណុលជាតិរបស់ម៉ាឡេស៊ី កើនឡើដល់ ៣៤៦ ពាន់លានដុល្លារ

អន្តរជាតិ

បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញឱ្យដឹងថា បំណុលជាតិរបស់ម៉ាឡេស៊ី​ បានកើនឡើងដល់ ១,៥ ទ្រីលានរីងហ្គីត ឬ ៣៤៦ ពាន់លានដុល្លារ ពោលគឺស្មើទៅនឹងជាង ៨០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះទាំងមូល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីថវិកាជាតិ កាលពីព្រឹកថ្ងៃទី ១៧ ខែមករានេះ លោក Anwar បាននិយាយថា តួលេខនេះ គឺបានបង្ហាញឱ្យឃើញថា ឱនភាពថវិការបស់ម៉ាឡេស៊ីគឺបានកើនឡើង លើសពីការប៉ានប្រមាណពីពេលមុន ៥,៨% នៃផលិតផលក្នុងស្រុកសរុប សម្រាប់ឆ្នាំ ២០២២ ។

ជុំវិញស្ថានភាពបែបនេះ នាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីរូបនេះ បានធ្វើការសង្កត់ធ្ងន់ថា បញ្ហានេះគួរតែត្រូវបានដោះស្រាយជាបន្ទាន់ ជាពិសេសនៅចំពេល មានភាពមិនច្បាស់លាស់ចំពោះសេដ្ឋកិច្ច ខណ:បញ្ហានេះក៏បានរួមចំណែកដោយកត្តាខាងក្រៅ រួមទាំងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ក៏ដូចជាការងើបឡើងវិញនៃសលកលោក ក្រោយជំងឺរាតត្បាតកូវីដ-១៩ ផងដែរ ។

គួរឱ្យដឹងថាការរៀបចំថវិកាសម្រាប់ឆ្នាំ ២០២៣ ថ្មី ត្រូវបានគេរំពឹងថានឹងត្រូវដាក់បញ្ជូនទៅក្នុងសភា នៅថ្ងៃទី ២៤ ខែកុម្ភ:ខាងមុខ ដោយផ្អែកលើសេចក្តីព្រាងច្បាប់ ដែលបានណែនាំដោយរដ្ឋាភិបាល កាលពីពេលមុន។

ជម្រាបជូនផងដែរថា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Zafrul Aziz បានស្នើសុំថវិកា សម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងចំនួនសរុបប្រមាណ ៣៧៣,៣ ពាន់លានរីងហ្គីត ៕