ឥណ្ឌូនេស៊ី កត់ត្រាប្រជាជនជាង ២៦ លាននាក់រស់នៅក្នុងភាពក្រីក្រ កាលពីឆ្នាំមុន

អន្តរជាតិ

បើតាមស្ថាប័នស្រង់ស្ថិតិឥណ្ឌូនេស៊ី (BPS) បានប្រកាសថា ប្រជាជនក្រីក្រ នៅក្នុងប្រទេសរបស់ខ្លួន បានកើនឡើងដល់ ២៦,៣៦ លាននាក់ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ដែលស្មើទៅនឹង ៩,៧៥% នៃចំនួនប្រជាជនសរុប និងបានកើនឡើង ០,០៣% បើធៀបនឹងខែមីនា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ យោងតាមការចុះផ្សាយដោយសារព័ត៌មាន VNA ប្រធានស្ថាប័ន BPS លោក Margo Yuwono បាននិយាយថា អត្រានៃភាពក្រីក្រក្នុងប្រទេស នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ គឺត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកត្តាធំៗជាច្រើន ដូចជាការកើនឡើងតម្លៃទំនិញ និងការបបញ្ឈប់ការងារយ៉ាងច្រើនសម្បើមផងដែរ ។

គួរឱ្យដឹងថា ចំនួនប្រជាជនក្រីក្រ នៅតាមទីក្រុងនីមួយៗ បានកើនឡើងចំនួន ១៦០ ០០០ នាក់ ពីចំនួន ១១,៨២ លាននាក់ នៅក្នុងខែមីនា ឆ្នាំ ២០២២ ដល់ចំនួន ១១,៩៨ លាននាក់ នៅក្នុងខែកញ្ញា ឆ្នាំ ២០២២។ ទន្ទឹមនឹងនោះ ប្រជាជនដែលគ្មានប្រាក់ចំណូល និងគ្មានផ្ទះសម្បែង នៅតាមទីជនបទ បានកើនឡើងចំនួន ៤០ ០០០ នាក់ ពោលឺគកើនពីចំនួន ១៤,៣៤ លាននាក់នៅខែមីនា ដល់ ១៤,៣៨ លាននាក់ នៅខែកញ្ញា ឆ្នាំ ២០២២ ។

លើសពីនេះ លោក Margo បានបង្ហាញទៀតថា ភាគច្រើននៃចំនួនប្រជាជនក្រីក្រក្នុងប្រទេស គឺស្ថិតនៅលើកោះជ្វា និងស៊ូម៉ាត្រា ខណ:ពេលដែលនៅលើកោះជ្វា តួលេខនេះ បានកើនដល់ ១៣,៩៤ លាននាក់ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២២ ។

ទន្ទឹមនឹងនេះ បើតាមលោក Febrio Kacaribu ប្រធានទីភ្នាក់ងារគោលនយោបាយសារពើពន្ធ ដែលស្ថិតនៅក្រោមក្រសួងហិរញ្ញវត្ថុ បាននិយាយទៀតថា ការកើនឡើងនៃអត្រាភាពក្រីក្រ គិតត្រឹមខែកញ្ញ ឆ្នាំមុននោះ គឺមានទំនាក់ទំនងជាមួយនឹងអតិផរណាស្បៀងអាហារ ក្នុងអំឡុងខែមិថុនា ខែកក្កដា សីហា និងិខែកញ្ញា ខណ:នៅក្នុងខែកក្កដា បានឈានដល់កម្រិតខ្ពស់បំផុត ១១,៥% ។

លោក Febrio បានសង្កត់ធ្ងន់ផងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋាភិបាលបានធ្វើការសម្រចចិត្តបង្កើនការឧបត្ថម្ភធនថាមពល រហូតដល់ ៣៦,៣ ពាន់លានដុល្លារ ក្នុងគោលបំណងដើម្បីរក្សាអត្រាភាពក្រីក្រ ស្របពេលវិធានការផ្សេងទៀត ក៏កំពុងត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយអតិផរណាស្បៀងអាហារផងដែរ ៕