ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងថៃ និងប្រទេសសមាជិក RCEP កើនដល់ ៣០០ ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឱ្យដឹងថា ប្រទេសថៃ បានធ្វើការកត់ត្រាទំហំពាណិជ្ជកម្ម ក្នុងចំនួនទឹកប្រាក់រហូតដល់ ៣០០ ពាន់លានដុល្លារ ជាមួយប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ RCEP នៅក្នុងឆ្នាំ ២០២២ កន្លងទៅ ពោលគឺបានកើនឡើង ៧,១១% ធៀបនឹងឆ្នាំមុនៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមអនុដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Sinit Lerkkrai បាននិយាយថា ចាប់តាំងពីកិច្ចព្រមព្រៀងនេះ បានចូលជាធរមាន នៅក្នុងខែមករា ឆ្នាំ ២០២២ មក RCEP បានផ្តល់លទ្ធផលវិជ្ជមានជាច្រើន សម្រាប់ការធ្វើពាណិជ្ជកម្មរបស់ថៃ ជាមួយប្រទេសជាសមាជិកផ្សេងទៀត ។

លើសពីនេះ បើតាមក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងទៀតថា ការនាំចេញរបស់ថៃ ទៅកាន់ប្រទេសជាសមាជិក RCEP មានចំនួនរហូតដល់ ១៤០ ពាន់លានដុល្លារ កាលពីឆ្នាំមុន ស្របពេលការនាំចូលវិញ ទទួលបានចំនួនសរុប ១៦០ ពាន់លានដុល្លារ ។

លោក Sinit បានបង្ហាញប្រាប់ផងដែរថា កិច្ចព្រមព្រៀងដ៏ធំនេះ មិនត្រឹមតែផ្តល់នូវការកាត់បន្ថយ ឬលុបចោលទាំងស្រុងទៅលើពន្ធសម្រាប់ធុរកិច្ចថៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានផ្តល់នូវវិធានការសម្របសម្រួលពាណិជ្ជកម្ម ដើម្បីពន្លឿននីតិវិធីចំពោះការដកចេញពន្ធគយ ដែលជាអត្ថប្រយោជន៍ដ៏ធំសម្បើម ជាពិសេសសម្រាប់ការធ្វើពាណិជ្ជកម្មទៅលើផលផលិតស្បៀងអាហារ ។

ជម្រាបជូនផងដែរថា RCEP មានសមាជិកចំនួន ១០ ប្រទេស មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម រួមទាំងប្រទេសជាដៃគូពាណិជ្ជកម្មចំនួន ៥ ទៀត រួមមានចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី និងនូវែលសេឡង់ ៕