ការនាំចេញឈើ និងផលិតផលធ្វើពីឈើរបស់វៀតណាម មានការរំពឹងថាអាចបំបែកកំណត់ត្រាថ្មីក្នុងឆ្នាំ ២០២៣ រហូតដល់ ១៨ ពាន់លានដុល្លារឯណោះ។ នេះបើតាមការចុះផ្សាយពី Vnexpress។
ដោយឡែក ប្រធានសមាគមឈើ និងផលិតផលព្រៃឈើវៀតណាម ហៅកាត់ Viforest លោក Do Xuan Lap ក៏បានបង្ហើបដែរថា ទិន្នន័យខាងលើនឹងបង្ហាញឲ្យឃើញថា ការនាំចេញផលិតផលឈើរបស់វៀតណាម នឹងកើនឡើងចន្លោះពី ៧-៩% ផងដែរ។
យ៉ាងណា កាលពីត្រីមាសចុងក្រោយ ២០២២ ការនាំចេញឈើរបស់វៀតណាម មានការធ្លាក់ចុះ ហើយក៏អាចនឹងបន្តផ្ដល់សញ្ញាអវិជ្ជមានរហូតដល់ត្រីមាសទី ១ នៃឆ្នាំ ២០២៣ ផងដែរ ប៉ុន្តែអ្នកជំនួញជាច្រើនបានអះអាងថា ស្ថានការណ៍នឹងប្រសើរឡើងវិញ ចាប់ពីត្រីមាសទី ២ ឆ្នាំនេះតទៅ។
សូមជម្រាបដែរថា លោក Nguyen Thanh Phong ប្រធានសាខាផលិតផលបន្ទះឈើនៃសមាគម Viforest បានអះអាងថា វៀតណាមបានកើបលុយច្រើនជាង ៧០០ លានដុល្លារ ក្នុងការនាំចេញបន្ទះឈើ ៤,៧ លានតោនកាលពីឆ្នាំទៅ កើនឡើង ៣៥% នៃចំនួនផលិតផល និង ៨៥% សម្រាប់តម្លៃ បើធៀបនឹងឆ្នាំមុនៗ។
បច្ចុប្បន្ន វៀតណាមគឺជាប្រទេសនាំចេញបន្ទះឈើធំបំផុតលើលោកទី ២ ហើយពួកគេក៏រំពឹងដែរថា ទំហំនាំចេញផលិតផលមួយនេះអាចកើនលើស ១ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៣៕