ក្រុមហ៊ុនវិនិយោគអចលនទ្រព្យធំបំផុតមួយប្រចាំប្រទេសចិន China Evergrande បច្ចុប្បន្នកំពុងជាប់បំណុលវ័ណ្ឌក រហូតទទួលបានងារជាក្រុមហ៊ុនអចលនទ្រព្យមានបំណុលច្រើនបំផុតលើលោកថែមទៀត។
ក្រឡេកទៅមើលមេធំប្រចាំក្រុមហ៊ុន លោក Hui Ka Yan ដែលពីមុនធ្លាប់ជាមហាសេដ្ឋីមានបំផុតប្រចាំប្រទេសចិន ក៏ជាបុគ្គលមានឥទ្ធិពលបំផុតមួយរូបប្រចាំសង្គម ប៉ុន្តែពេលនេះលោករបូតទ្រព្យសម្បត្តិរហូតដល់ជាង ៩០% ឯណោះ។
យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុន China Evergrande Group បានថយចុះសឹងមិនគួរឲ្យជឿ ពោលធ្លាក់តាំងពីជាង ៤២ ពាន់លានដុល្លារ មកសល់ត្រឹម ៣ ពាន់លានដុល្លារប៉ុណ្ណោះ។
ការធ្លាក់ចុះដ៏សំបើមនៃទ្រព្យសម្បត្តិរបស់ស្ដេចត្រាញ់ខាងលើ គឺបណ្ដាលមកពីគោលនយោបាយ “វិបុលភាពរួម” ដែលចាប់ផ្ដើមរឹតបន្តឹងលើវិស័យឧស្សាហកម្មមួយចំនួន ហើយក្នុងនោះ រដ្ឋាភិបាលបានអនុម័តវិធានការយ៉ាងតឹងរ៉ឹងចំពោះវិស័យអចលនទ្រព្យ គឺ “ខ្សែបន្ទាត់ក្រហម ៣” ដើម្បីទប់ស្កាត់ការកើនឡើងបំណុល តែវាបានធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់ធនាគារ ក្រុមហ៊ុនផ្សេងៗ និងម្ចាស់ផ្ទះរាប់លាននាក់។
គួររំលឹកដែរថា រយៈពេល ២ ឆ្នាំចុងក្រោយនេះ មហាសេដ្ឋីមានបំផុត ៥ រូបនៅក្នុងវិស័យអចលនទ្រព្យនៅចិន របូតលុយសរុបប្រហែល ៦៥ ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី Bloomberg៕