ក្រុមហ៊ុនអ្នកមានបំផុតនៅអាស៊ី គ្រោងលក់ភាគហ៊ុនជិត ២,៥ ពាន់លានដុល្លារ ដើម្បីសងបំណុល

អន្តរជាតិ

ថ្មីៗនេះ ក្រុមហ៊ុនខ្នាតយក្សឥណ្ឌា Adani Enterprises បាននិយាយថា ខ្លួននឹងប្រើប្រាស់ប្រាក់ចំណូលចំនួន ២០០ ពាន់លានរូពី (២,៤៦ ពាន់លានដុល្លារ) ពីការបោះផ្សាយលក់ភាគហ៊ុនជាសាធារណ: (FPO) ដែលនឹងចាប់ផ្តើមដំណើការនៅសប្តាហ៍ក្រោយ ដើម្បីយកមកធ្វើការចំណាយលើការផ្តល់ជូនមូលនិធិ និងសងបំណុលក្នុងក្រុមហ៊ុនរបស់ខ្លួនមួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយមហាសេដ្ឋីលំដាប់កំពូលក្នុងប្រទេស គឺលោក Gautam Adani នឹងធ្វើការប្រើប្រាស់ប្រាក់ចំណូលចំនួន ១០៨,៧ ពាន់លានរូពី ដែលបានពីការលក់ភាគហ៊ុន ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់រោងចក្រថាមពលអ៊ីដ្រូសែនបៃតង រួមទាំងគម្រោងព្រលានយន្តហោះ និងផ្លូវល្បឿនលឿន Greenfield របស់ខ្លួន។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលដែលទទួលបានពីការលក់ភាគហ៊ុនចំនួន ៤១,៦៥ ពាន់លានរូពីផ្សេងទៀត នឹងត្រូវប្រើប្រាស់ ដើម្បីធ្វើការទូទាត់សងបំណុល នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួន ៣ ដែលរួមមាន Adani Airport Holdings, Adani Road Transport និង Mundra Solar ផងដែរ ។

ជុំវិញផែនការរៃអង្គាសថវិកា ដែលត្រូវបានស្នើឡើងចុងក្រោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុម Adani Enterprises បានព្យាយាមពង្រីកអាជីវកម្មរបស់ខ្លួន ជាមួយនឹងការបោះទុនដ៏ច្រើនសន្ធឹកសន្ធាប់ទៅក្នុងវិស័យជាច្រើនផ្សេងទៀត ដូចជាការទិញយកក្រុមហ៊ុនផលិតស៊ីម៉ងត៍ និងវិស័យ​ថែទាំសុខភាពជាដើម នៅចំពេលកំពុងមានការព្រួយបារម្ភមួយចំនួន អំពីការកើនឡើងនៃកម្រិតបំណុល ។

គួរឱ្យដឹងថាកាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Adani Enterprises បានធ្វើការទិញយកក្រុមហ៊ុនថ្មីៗ ដែលមានតម្លៃ ១៣,៨ ពាន់លានដុល្លារ ដែលជាតួលេខដ៏ខ្ពស់បំផុតមិនធ្លាប់មានក្នុងអំឡុងឆ្នាំនោះ និងច្រើនជាងពីរដង ធៀបនឹងឆ្នាំ ២០២១ ។ ​

ជម្រាបជូនផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Adani Enterprises បានកើនឡើងដល់ជិត ១៣០% នៅក្នុងឆ្នាំ ២០២២ ប៉ុន្តែយ៉ាងណា ភាគហ៊ុនបានធ្លាក់ចុះមកវិញ ១,២% នៅក្នុងការជួញដូរចុងក្រោយ ដែលបានបិទបញ្ចប់កាលពីថ្ងៃពុធ កន្លងទៅ ៕