ថៃរំពឹងថានឹងអាចទាញប្រាក់ចំណូល ៦៤០ លានដុល្លារ ពីវិស័យទេសចរណ៍ អំឡុងបុណ្យចូលឆ្នាំចិន

អន្តរជាតិ

ប្រទេសថៃ ក្នុងពេលថ្មីៗនេះ បានបង្ហាញក្តីរំពឹងទុកខ្ពស់ថា ការចំណាយរបស់ភ្ញៀវទេសចរអំឡុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ អាចនឹងមានការកើនឡើងដល់ ២១,៣ ពាន់លានបាត ឬ ៦៤០ លានដុល្លារ ពោលគឺស្មើនឹង ៤៨% ធៀបនឹងការចំណាយនៅក្នុងឆ្នាំ ២០១៩ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអាជ្ញាធររទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn បានបង្ហាញឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ដែលចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ ប្រទេសថៃរំពឹងថា នឹងអាចទាក់ទាញភ្ញៀវបរទេសចំនួន ៥៨៨ ៩០០ នាក់ និងអាចផ្តល់ប្រាក់ចំណូលចំនួន ១៦,៧ ពាន់លានបាត ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៧ ខែមករា ។

ក្រៅពីនោះ ភ្ញៀវបរទេសសរុបប្រមាណ ៣២២ ៥៩៩ នាក់ ដែលនឹងមកលេងកម្សាន្តនៅក្នុងប្រទេសថៃ ពីតំបន់អាស៊ីឦសាន និង​អាស៊ីអាគ្នេយ៍ រំពឹងថានឹងអាចនាំ​មក​នូវ​ប្រាក់​ចំណូល ១១​ ពាន់​លាន​បាតផ្សេងទៀត ។

ទន្ទឹមនឹងនេះ លោក Yuthasak បាននិយាយថា ការស្ទុះងើបឡើងវិញយ៉ាង​គំហុក​នៃវិស័យទេសចរណ៍ថៃ គឺបានរួមចំណែកយ៉ាងខ្លាំង បន្ទាប់ពីប្រទេសនានា បានធ្វើការបន្ធូរបន្ថយការរឹតបន្តឹងចំពោះការធ្វើដំណើរ ចាប់តាំងពីត្រីមាសចុងក្រោយ កាលពីឆ្នាំមុនមក។

យ៉ាងណាមិញ ទាក់ទងនឹងទីផ្សារទេសចរណ៍ក្នុងស្រុក លោក Yuthasak បានប៉ាន់ប្រមាណថា ប្រាក់ចំណូលអាចឈានដល់ ៨១% បើធៀបនឹងឆ្នាំ ២០១៩ ឬស្មើនឹង ៤,៦ ពាន់លានបាត កើនឡើង ១៣៩% ពីមួយឆ្នាំទៅមួយឆ្នាំ ៕