យោងតាមភ្នាក់ងារពិសេសនៃនិយតកម្មប្រេង និងឧស្ម័ន SKK Migas របស់ប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសក្នុងពេលថ្មីៗនេះថា ខ្លួនបានអនុម័តផែនការកែសម្រួលលើការអភិវឌ្ឍនៅតំបន់បូមយកឧស្ម័ន Merakes និង Merakes Est របស់ខ្លួន ជាមួយនឹងការបោះទុនវិនិយោគសរុបចំនួន ៣,៣៥ ពាន់លានដុល្លារ។
បើតាមការចុះផ្សាយពី VNA បានបង្ហាញឱ្យដឹងទៀតថា គម្រោងដែលដំណើរការដោយក្រុមហ៊ុនក្នុងស្រុក និងស្ថិតនៅក្រោមគ្រប់គ្រងដោយក្រុមហ៊ុនមេ Eni បានចាប់ផ្តើមផលិតឧស្ម័ននៅទីតាំងខាងលើ ចាប់ពីខែមករា ឆ្នាំ ២០២១ មកម្លេះ និងកំពុងផ្តល់ការផ្គត់ផ្គង់ដល់រោងចក្រចម្រាញ់ឥណ្ឌូនេស៊ី Bontang LNG ផងដែរ ។
ប្រធាននិយតករ SKK Migas លោក Dwi Soetjipto បាននិយាយថា ការអភិវឌ្ឍលើវិស័យទាំងនេះ នឹងអាចផ្តល់ទុនបំរុងបន្ថែម ដើម្បីធានាដល់ការផ្គត់ផ្គង់កាន់តែល្អប្រសើជាងមុន នៅក្នុងរោងចក្រចម្រាញ់ Bontang LNG ។
គួរឱ្យដឹងថា ការវិនិយោគសម្រាប់តំបន់បូមយកឧស្ម័ននៅ Merakes និង Merakes East ត្រូវបានស្នើឡើងដំបូង នៅក្នុងចំនួនទឹកប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារ ជាមួយនឹងទំហំផលិតកម្មខ្ពស់បំផុត ដល់ ៣៦៨ លានហ្វីតគូប ក្នុងមួយថ្ងៃ ។
លើសពីនេះ បើតាមអ្នកនាំពាក្យរបស់ SKK Migas បានបន្ថែមឱ្យដឹងទៀតថា ចំពោះផែនការអភិវឌ្ឍថ្មី ដែលត្រូវទើបបានអនុម័តនេះ អាចនឹងបង្កើនសមត្ថភាពផលិតកម្មសរុបរបស់គម្រោង ដល់កម្រិតអតិបរមា ៤៤០ លានហ្វីតគូប ក្នុងមួយថ្ងៃ ហើយរំពឹងដំណើរការ រហូតដល់ឆ្នាំ ២០៣២ ឯណោះ ៕