កាលពីពេលថ្មីៗនេះ គ្រួសារមហាសេដ្ឋីមានបំផុតទី ២ នៅឥណ្ឌាគឺត្រកូល Ambani បានរៀបចំពិធីភ្ជាប់ពាក្យដ៏ឱឡារិកមួយ នៅគេហដ្ឋានខាងកូនកម្លោះផ្ទាល់ ដែលជាភូមិគ្រឹះមានតម្លៃថ្លៃបំផុតមួយនៅទីក្រុង Mumbai។

ការផ្សំផ្គុំរវាងកូនប្រុសពៅ Anant Ambani និងកូនស្រីមហាសេដ្ឋីឥណ្ឌា Viren Merchant គឺកញ្ញា Radhika ធ្វើឡើងតាមបែបប្រពៃណីដែលមានឈ្មោះថា Gujarati ហើយពិធីនេះទៀតសោតគឺ ប្រៀបដូចជាការថត Pre-Wedding អញ្ចឹង។

មិនសូវខុសគ្នាពីប្រពៃណីនៅតំបន់អាស៊ីប៉ុន្មាន ដោយគ្រួសារកូនកម្លោះ និងកូនក្រមុំបានដោះដូរកាដូរវាងគ្នា និងគ្នា ហើយបន្ទាប់ពីធ្វើការបំពាក់ជញ្ជៀនទៅវិញទៅមក អនាគតគូស្វាមីភរិយាថ្មី ក៏ទទួលបានការជូនពរពីចាស់ទុំទាំងសងខាងផងដែរ។
មិនមានព័ត៌មានលំអិតណាទាក់ទងនឹងទំហំចំណាយ និងថ្លៃបណ្ដាការឡើយ ប៉ុន្តែបើមើលតាមសមត្ថភាពគ្រួសារទាំង ២ ដែលសុទ្ធតែជាលំដាប់មហាសេដ្ឋី ការរៀបចំពិធីភ្ជាប់ពាក្យមួយនេះក៏ចំណាយអស់មិនតិចនោះដែរ៕