លោកស្រី Jacinda Ardern ប្រកាសលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់

អន្តរជាតិ

នាយករដ្ឋមន្ត្រី នូវែលសេឡង់ លោកស្រី Jacinda Ardern បានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី នឹងលាលែងចេញពីមុខតំណែងបច្ចុប្បន្នរបស់ខ្លួន ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយហេតុផលថា លោកស្រីមិនមានកម្លាំងថាមពល ក្នុងការបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិថ្មី ដែលនឹងត្រូវប្រព្រឹត្តិធ្វើឡើងនាខែតុលា ខាងមុខទៀតនោះឡើយ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន CNN ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី Ardern បាននិយាយថា លោកស្រីនឹងប្រកាសចុះចេញពីតំណែងជាផ្លូវការ មិនលើសពីដើមខែក្រោយនោះឡើយ ស្របពេលអាណត្តិបច្ចុប្បន្នរបស់លោកស្រី នឹងត្រូវបញ្ចប់ នៅត្រឹមថ្ងៃទី ៧ ខែកុម្ភ:ខាងមុខ ។

ដោយនិយាយអំពីការសម្រេចចិត្ត នៅក្នុងកិច្ចប្រជុំរបស់គណបក្សពលករ លោកស្រី Ardern បានលើកឡើងថា ៖ ” ខ្ញុំនឹងចាកចេញពីមុខតំណែងនេះ។ ខ្ញុំដឹងថាការងារនេះមានទំនួលខុសត្រូវខ្ពស់ ហើយខ្ញុំដឹងថានៅពេលណា ដែលចាំបាច់ត្រូវរកមនុស្សត្រឹមត្រូវ ដើម្បីចូលមកកាន់តំណែងនេះវិញ។ ខ្ញុំជាមនុស្ស ហើយយើងបានផ្តល់សមត្ថភាព និងអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើទៅបានក្នុងរយ:ពេលកន្លងមកនេះ។ ហើយបន្ទាប់មកគឺវាដល់ពេលហើយ។ សម្រាប់ខ្ញុំគឺដល់ពេលហើយ ដើម្បីចុះចេញពីតំណែងនេះ ” ។

គួរឱ្យដឹងថា លោកស្រី Ardern បានក្លាយជាប្រមុខរដ្ឋាភិបាលស្រ្តី ដែលមានវ័យក្មេងជាងគេបំផុត លើពិភពលោក នៅពេលដែលលោកស្រីបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៅក្នុងឆ្នាំ ២០១៧ ដែលគ្រានោះ លោកស្រីមានវ័យត្រឹម ៣៧ ឆ្នាំ។

មិនតែប៉ុណ្ណោះ អំឡុងពេលកាន់តំណែងនោះ លោកស្រី បានដឹកនាំប្រទេសនូវែលសេឡង់ហែឆ្លងឧបសគ្គជាច្រើន ដូចជាវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះមហន្តរាយជាបន្តបន្ទាប់ បន្ទុះភ្នំភ្លើង និងការវាយប្រហារភេរវកម្ម នៅវិហាអ៊ីស្លាមជាដើម៕