ការចំណាយសម្រាប់បុណ្យចូលឆ្នាំចិននៅប្រទេសថៃ អាចនឹងកើនឡើងរហូតដល់ ១៣,៦% គឺ ៤៥ ពាន់លានបាត ឬប្រមាណ ១,៣៦ ពាន់លានដុល្លារ ដែលជាចំណុចខ្ពស់បំផុតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ។

យោងតាមការចុះផ្សាយពី Bangkokpost បានបង្ហាញថា កាលពីឆ្នាំទៅការចំណាយសម្រាប់បុណ្យចូលឆ្នាំចិន មានប្រមាណ ៣៩,៦ ពាន់លានដុល្លារ ស្របពេលគ្រានោះ ប្រទេសចិននៅមិនទាន់បើកច្រកព្រំដែននៅឡើយ។
ដោយឡែក លោក Thanavath Phonvichai នាយកសកលវិទ្យាល័យ University of Thai Chamber of Commerce បានប្រាប់ថា បុណ្យចូលឆ្នាំចិនសារនេះ នឹងមានប្រជាប្រិយភាពខ្លាំងបំផុត ខណៈការចំណាយប្រចាំឆ្នាំវិញ អាចកើនឡើងដល់ ១៣,៦% ខ្ពស់បំផុតសម្រាប់រយៈពេល ១៥ ឆ្នាំចុងក្រោយ។
សូមជម្រាបដែរថា រដ្ឋាភិបាលថៃរំពឹងទុកថា អាចនឹងទទួលបានភ្ញៀវទេសចរណ៍ចិនយ៉ាងតិច ៥ លាននាក់នៅក្នុងឆ្នាំនេះ ដោយរំពឹងថាត្រីមាសតំបូងនឹងទទួលបានប្រហែល ៣០០ ០០០ នាក់សិន៕